ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី បដិសណ្ឋារកិច្ច សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ដែលមានការអញ្ជើញចូលរួម លោក សំ បុណ្ណារិន អភិបាលរងខេត្តព្រៃវែង មន្ទីរអង្គភាពនានាជុំវិញខេត្ត ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋានប្រមាណ ២០០នាក់។

ថ្លៃនៅក្នុងឱកាសនោះដែរលោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែងបាន រាយការណ៍ អំពីមូលដ្ឋាន និងសកម្មភាពវិស័យទេសចរណ៍ក្នុងខេត្ត ដែលខេត្តព្រៃវែងគឺជាខេត្តមួយដែលមានសក្កានុពលផ្នែកវិស័យទេសចរណ៍តែពុំសម្បូរបែប ដូចតំបន់អាទិភាពនានា នៅបណ្តាខេត្តដ៏ទៃក្នុងព្រះរាជាណាចក្រកម្ពុជាយើងនោះឡើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកំណើននៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុង ៩ ខែដើមឆ្នាំ ២០១៩ មានភ្ញៀវសរុបចំនួន ៤៩៩,៦៨៧ នាក់ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៤៩៦,៧៣៦ នាក់ មានការកើនឡើងបើប្រៀបធៀប នឹងឆ្នាំ២០១៨ ដែលភ្ញៀវសរុបចំនួន ៣៤៧,៥៨៦ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៧,៧៨៣ នាក់។

លោកបានបន្តទៀតថា នៅក្នុងខេត្តព្រៃវែងមានរមណីយដ្ឋានដូចជា រមណីយដ្ឋាននគរភ្នំ រមណីយដ្ឋានបារាយណ៍អណ្ដែត រមណីយដ្ឋានសត្វស្លាបទួលព័ន្ធតាឡី ទីលំហែកម្សាន្តចុងប៉ម ប្រាសាទព្រៃដើមស្រុក តំបន់ទេសចរណ៍ដីដុះ តំបន់ទេសចរណ៍អូរចារ។ ហើយបច្ចុប្បន្ននេះមន្ទីរបានធ្វើការចុះសិក្សារកតំបន់ដែលមានសក្តានុពលទេសចរណ៍ទាក់ទាញ ដោយសហការជាមួយប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ដើម្បីរៀបចំឡើងជាគោលដៅទេសចរណ៍ថ្មីសម្រាប់តម្រូវការភ្ញៀវទេសចរណ៍មកលេងកំសាន្តបន្ថែមទៀតនោះផងដែរ។

 

លោក សំ បុណ្ណារិន អភិបាលរងខេត្តព្រៃវែង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់មន្ទីរទេសចរណ៍ខេត្ត ដែលបានអភិរក្សលើកស្ទួយតំបន់ទេសចរណ៍ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានពីភ្ញៀវទេសចរមកលេងកម្សាន្តមួយចំនួននោះផងដែរ។

លោកបានបន្តថា សូមបងប្អូនប្រតិបត្តិករ អាជីវករ និងសេវាករទេសចរណ៍ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ទាំងអស់ត្រូវផ្ដោតសំខាន់លើការទាក់ទាញភ្ញៀវទេសចរណ៍ អ្វីដែលសំខាន់នោះគឺយើងត្រូវមានផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិត សេវាកម្មប្រកបដោយគុណភាព និងទៅតាមបទដ្ឋានត្រឹមត្រូវឲ្យស្របទៅនឹងគោលនយោបាយរបស់ក្រសួងទេសចរណ៍ គឺធ្វើយ៉ាងណាឲ្យភ្ញៀវពេញចិត្តជាប់ចិត្តនោះទើបអាចទាក់ទាញភ្ញៀវបានមកបន្ថែមទៀត ដូចពាក្យស្លោកថា ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ។