ខេត្តកំពង់ធំ៖ បុរស២នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹង ហើយដួលដោយខ្លួនឯង ស្រាប់តែរថយន្តមិនស្គាល់អត្តសញ្ញាណបើកមកពីក្រោយ កិនចំក្បាលទាំងអ្នកបើកបរ និងអ្នករួមដំណើរ បណ្តាលឲ្យស្លាប់ទាំង២នាក់គួរឲ្យអាណោចអាធ័មបំផុត ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៤-៩៥ ចំណុចវាលសរសៃ ក្នុងភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ។
ជនរងគ្រោះជាអ្នកបើកបរ ឈ្មោះ អឿន ចាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ មិនពាក់មួកសុវត្ថិភាព មុខរបរកម្មសំណង់ រស់នៅភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកតាំងគោក និងអ្នករួមដំណើរឈ្មោះ យឹម ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព មុខរបរកម្មកររោងចក្រ។


មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0940 ឌុបគ្នា កំណាត់ផ្លូវជាតិលេខ០៦ ដោយមិនមានពាក់មួកសុវត្ថិភាពទេ លុះមកដល់កន្លែងកើតហេតុ បានដួលដោយខ្លួនឯង ស្រាប់តែរថយន្តមិនស្គាល់អត្តសញ្ញាណបើកមកពីក្រោយ គេចមិនទាន់ ក៍កិនចំក្បាលទាំងអ្នកបើកបរ និងអ្នករួមដំណើរ បណ្តាលឲ្យស្លាប់ទាំង២នាក់គួរឲ្យអាណោចអាធ័មបំផុត ។ រីឯរថយន្តបង្កមិនស្គាល់អត្តសញ្ញាណ បានបន្ថែមល្បឿនបើកគេចខ្លួនបាត់។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅវាស់វែង រួចសន្និដ្ឋានថា ជនរងគ្រោះបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ហើយយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕