ខេត្តកណ្ដាល៖ សង្ស័យខឹងម្ដាយអប់រំណែនាំស្ដីបន្ទោសបន្ដិតបន្តួច ប្រុសអាយុ១៥ម្នាក់ សម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ។
មន្រ្ដីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួននេះ ឈ្មោះ អន ម៉េងអៀង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ/ឃុំកើតហេតុ ។ ឪពុកឈ្មោះ អុន អន ភេទប្រុស អាយុ៤០ឆ្នាំ និងម្តាយឈ្មោះ វ៉េង ស្រីម៉ៅ អាយុ៣៨ ឆ្នាំ ។


ប្រភពដដែលបានបន្ដថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្រ្ដីជាម្ដាយរបស់ក្មេងប្រុសរងគ្រោះ ក្មេងប្រុសរងគ្រោះជាកូន ថា ទូរស័ព្ទដែលកូនប្រើ ឥឡូវនៅណា មិនឃើញចឹង? ភ្លាមនោះកូនឆ្លើយវិញថា យកទៅឲ្យជាងធ្វើ ។ ពេលនោះដែរ ស្រ្ដីជាម្ដាយ បានអប់រំណែនាំកូនឲ្យសេពគប់មិត្តភក្ដិណាដែលជាមួយមនុស្សល្អៗ កុំដើរជាមួយមិត្តភក្ដិដែលមិនល្អ ព្រោះវានាំទុក្ខដល់ខ្លួន ។បន្ទាប់និយាយអប់រំណែនាំបន្ទោសកូនរួច ស្រ្តីជាម្ដាយ ក៍ទៅធ្វើការនៅក្រុមហ៊ុន7NG បាត់ទៅ ដោយជនរងគ្រោះនៅផ្ទះជាមួយប្អូនស្រី ។


លុះមកដល់ម៉ោង១៧និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ក្មេងប្រុសរងគ្រោះ បានចូលក្នុងបន្ទប់ទឹកក្រោមផ្ទះដោយដាក់គន្លឹះពីក្នុងបាត់ឈឹង រហូតមកដល់ម៉ោង១៨និង១០នាទី មិនឃើញចេញពីបន្ទប់ទឹកវិញ ទើបប្អូនស្រីឈ្មោះ អន ស្រីឡែន អាយុជាង១០ឆ្នាំ មានការសង្ស័យ ក៍លួចអើតមើលតាមប្រឡោះស្លាបព្រិលបន្ទប់ទឹក ស្រាប់តែឃើញបងរបស់ខ្លួន ចងក.សម្លាប់ខ្លួន ក៏ស្រែកផ្អើលឆោឡោហៅអ្នកជិតខាងឲ្យជួយធាក់ទ្វារ ចូលជួយសង្រ្គោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។


ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថជំនាញស្រុក ឲ្យចុះមកធ្វើការពិនិត្យ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារចងក.ធ្វើអត្តឃាតប្រាកដមែន និង
បានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕