ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពផ្លោះរបងរោងចក្រចូលគាស់ទូដែក ហើយបានប្រមូលប្រាក់ជាង៥ម៉ឺនដុល្លារ រួចនាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព ។ ករណីចោរកម្មនេះ បានកើតឡើង លកាលពីវេលាម៉ោង០៤ និង២០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ចំណុចរោងចក្រតម្បាញមួនតៃ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរលិច១ ក្រុងតាខ្មៅ ។


ជនរងគ្រោះ ជាតំណាងរោងចក្រមានឈ្មោះលឹម វិញ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដេីមមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ប្រធានរដ្ឋបាលរោងចក្រ បានបាត់បង់ ប្រាក់ចំនួន៥០.៥២៣ដុល្លារ។ ចំណែក ជនសង្ស័យ២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុប្រហែល៣០ជាង ឆ្នាំ ពាក់មួកកន្តឹប ពណ៌ស ពាក់ម៉ាស ស្លៀកពាក់ឈុតប៉ារ៉ា ។

វត្ថុតាងនៅកន្លែងកើតហេតុ មានទូដែកទំហំ៦០សង់ទីម៉ែត្រ គុណ៥០សង់ទីម៉ែត្រចំនួន ១, អាវយឺតមនុស្សស្រីដៃវែង ចំនួន១៨អាវ, ម៉ាឡេតចំនួន១ , ទួណឺវីសចំនួន១ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ដែលជាតំណាងរោងចក្រ និងខាងគណនេយ្យបានទុកទូដែកនៅក្នុងបន្ទប់ ហើយបានចាក់ទ្វារបន្ទប់ត្រឹមត្រូវមុនចេញទៅផ្ទះ។


លុះដល់វេលាម៉ោង០៥ និង០៩នាទី ពេលដែលឈ្មោះយូរ៉ាន់ ជាបុគ្គលិកផ្នែកបើកបរចូលទៅស្កែនមេដៃដើម្បីបើកឡាន ដឹកភ្ញៀវរបស់រោងចក្រ ស្រាប់តែឃើញទូដែក ដែលទុកនៅក្នុងបន្ទប់គណនេយ្យត្រូវបានជនសង្ស័យ យកចេញមកគាស់នៅមុខបន្ទប់ គាត់ក៏បានដើរទៅហៅជនជាតិចិន ដែលស្នាក់នៅខាងក្រោយអគាររោងចក្រឲ្យមកមើល និងបានរាយការណ៍ ជូនសមត្ថកិច្ចចុះទៅពិនិត្យឆែកមើលតាម រយ: កាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យ២នាក់ដែលមានភិនភាគដូចខាងលើ បានផ្លោះតាមរបងរោងចក្រផ្នែកខាងជើងចូលទៅធ្វើសកម្មភាពគាស់ទ្វារបន្ទប់ រួចអូសទូដែកចេញមកមុខបន្ទប់ ហើយគាស់យកលុយ រួចគេចខ្លួនបាត់តែម្តង។


ករណីនេះកម្លាំង ជំនាញបច្ចេកទេសខេត្ត និងកម្លាំងជំនាញយុត្តិធម៌ក្រុងតាខ្មៅ កំពុងបន្តធ្វើការស្រាវជ្រាវវែកមុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួននាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕