រាជធានីភ្នំពេញ ៖ ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរោងជាងមួយកន្លែងនៅក្នុងសាលាបឋមសិក្សាទួលសង្កែ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩៖៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ៩០៧ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះហង់ ណារិន ភេទប្រុស អាយុ៥៨ ឆ្នាំមុខរបរ នាយករងសាលាបឋមសិក្សាទួលសង្កែ ។


មូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរោងជាងមួយខ្នងទំហំ០៩ម៉ែត្រ គុណ ០៧ម៉ែត្រ នៅក្នុងសាលាបឋមសិក្សាទួលសង្កែ បណ្តាលឲ្យខូចខាតសម្ភារៈតុក ទូចាស់ៗអស់មួយចំនួន តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងទេ។


ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ត៣គ្រឿង ក្នុងនោះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០២គ្រឿង ស្មើនឹងទឺក០៨ម៉ែត្រគូប និងរថយន្តជំនួយរបស់សាលាខណ្ឌឬស្សីកែវចំនួន០១គ្រឿង ស្មើនឹងទឺក ០៤ម៉ែត្រគូប ទើបគ្រប់គ្រងបានជាស្ថាពរនៅវេលាម៉ោង២០៖០០នាទីយប់ថ្ងៃដដែល គឺប្រើប្រាស់រយៈពេលកន្លះម៉ោងប៉ុណ្ណោះ៕