ភ្នំពេញ៖ យុវវ័យប្រុសស្រី២នាក់ ខណៈបើកម៉ូតូ១គ្រឿងឌុបគ្នា ខ្វះការប្រុងប្រយ័ត្នបានទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងទៀតដួលទៅនឹងថ្នល់ ចៃដន្យ មានរថយន្តកុងតឺន័រ បើកពីក្រោយមកដល់គេចមិនផុត ជាន់ហ្រ្វាំងឈប់មិនទាន់ បណ្តាលឲ្យកិនស្លាប់ទាំង២នាក់មួយរំពេចយ៉ាអាណោចអាធ័ម។


គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចខាងលិចស្តុប ទួលពង្រ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។


ជនរងគ្រោះដែលត្រូវរថយន្តកុងតឺន័រកិនស្លាប់នេះ មានឈ្មោះហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ឯកជន យាមនៅផ្លូវកម្ពុជាក្រោម ស្នាក់នៅបន្ទប់ជួល ជិតសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង និងម្នាក់ទៀត មានឈ្មោះខេង លក្ខណា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៤៤ ផ្លូវលំ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។ ជនរងគ្រោះទាំងពីរ ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HO-5624។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ បើកម៉ូតូឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ជាមួយល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក ធ្វើដំណើរស្របគ្នា បណ្ដាលឲ្យដួលចូលកង់រថយន្ត កុងតឺន័រ កិនចំពាក់កណ្ដាលខ្លួន ស្លាប់ភ្លាមៗទាំងពីរនាក់។ ភ្លាមៗនោះ រថយន្តកុងតឺន័រ បានព្យាយាមបើករត់ ចេញពីកន្លែងកើតហេតុ ចំណែកឯម៉ូតូម្ខាងទៀតបាន បើកចេញពីកន្លែងកើតហេតុ បាត់ផងដែរ។


ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការចុះវាស់វែង យកម៉ូតូរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្ក មកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ ចំណែសពជនរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕