ខេត្តសៀមរាប​ ៖ សមត្ថកិច្ចចម្រុះដែលដឹកនាំដោយអាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តសាលដីកា ដោយបង្ខំរឹបអូសយកដី និងផ្ទះមួយកន្លែងដែលអ្នកឈ្នះក្តីជាឪពុកបង្កើត ។ ហេតុការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩ ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
អ្នកឈ្នះក្តីក្នុងរឿងខាងលើនេះ ឈ្មោះ លន់ លឿម ភេទប្រុស អាយុ៥៦ឆ្នាំ ជាឪពុកបង្កើត និងប្រពន្ធប្រពន្ធចុងឈ្មោះ វង់ រ៉ាន់ អាយុ ៤៦ឆ្នាំ ។ ចំណែកភាគីចាញ់ក្តី ឈ្មោះលឿម យ៉ម ភេទស្រី អាយុ២៨ឆ្នាំ ជាកូនស្រីបង្កើត ពួកគាត់មានទីលំនៅភូមិសង្កាត់ខាងលើ។

មុនពេលសម្រេចរុះរើផ្ទះដើម្បីរឹបអូសយកដីប្រគល់ឲ្យភាគីឈ្នះក្ដីជាឪពុកបង្កើត គេឃើញក្រុមភាគីចាញ់ក្តីជាច្រើននាក់ដែលរួមមានបងប្អូនពូមីង រួមទាំងអ្នកភូមិក្បែរខាងផង បានស្នើសុំសមត្ថកិច្ចឲ្យពន្យាពេលក្នុងការរុះរើផ្ទះសិន ព្រោះពួកគាត់សុំសិទ្ធិប្តឹងបន្តទៀត ។ ម្យ៉ាងវិញទៀតក្នុងដំណើរឿងក្តី ដែលកំពុងស្វែងរកអន្តរាគមន៍នេះ គីពួកគាត់មិនអាចប្រគល់ដី និងផ្ទះឲ្យភាគីឪពុកបង្កើតនោះបានឡើយ ។ ប៉ុន្តែទោះបីសំឡេងស្រែកសុំអង្វរ ប្រែក្លាយទៅជាសំឡេងស្រែកទ្រហ៊ោយំ យ៉ាងណាក៏ដោយ ក៏ដំណើរការអនុវត្តមិនអាចរារាំងបានឡើយ ហើយគេឃើញសាច់ញាតិភាគីចាញ់ក្តី អុជធូបហើយកាយដីកប់ ស្រែកបួងសួង និងដាក់បណ្ដាសសារខ្លាំងៗថា ឪពុកតិរច្ឆាន ប្រគល់ដីឲ្យកូនកាន់កាប់ជិត២០ឆ្នាំហើយ មកប្តឹងទារយកវិញ ព្រោះតែផ្គាប់ចិត្តប្រពន្ធចុង និងថា អ្នកឯងចង់បានដីរបស់ខ្ញុំ អ្នកឯងនឹងត្រូវចូលទៅក្នុងដី ដូចភ្លើងធូបនេះអីចឹង ។

ករណីចុះអនុវត្តសាលដីកា ដោយបង្ខំរឹបអូសយកដី និងផ្ទះ ឲ្យភាគីឈ្នះក្តីជាឪពុកបង្កើតនេះ លោកឡុង សារ៉ាត់ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា រឿងនេះគឺរូបលោកគ្រាន់តែដឹកនាំកម្លាំងចុះអនុវត្តទៅតាមសាលដីការបស់សាលាឧទ្ធរណ៍ប៉ុណ្ណោះ។ តែមុនពេលចុះអនុវត្ត លោកបានហៅភាគីចាញ់ក្តី មកសាកសួរផ្ទាល់ រហូតជូនលិខិតរុះរើដោយស្មគ្រចិត្តដល់ពួកគាត់ដែរ តែពេលនេះពួកគាត់យល់ព្រមឲ្យរុះរើហើយ ។

ចំណែកស្ត្រីជាកូនបង្កើតដែលជាភាគីចាញ់ក្តី បានឲ្យដឹងថាថា ដីនេះភាគីឈ្នះក្ដីជាឪពុកបង្កើតបានប្រគល់ឲ្យនាងធ្វើជាកម្មសិទ្ធិជិត២០ឆ្នាំមកហើយ ។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៩ ឪពុកបានធ្វើលិខិតធ្វើអំណោយផ្តាច់មួយច្បាប់ឲ្យថែមទៀតផង ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៣ ឪពុកតម្រូវឲ្យនាងបង់លុយ៧០០ដុល្លារ សម្រាប់ផ្លូវដែលពួកនាងទុកដើរ តែនាងខ្ញុំមិនមានប្រាក់បង់ ទើបនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ឪពុកទៅប្តឹងធ្វើជាលិខិតបដិសេធមោឃភាព លើលិខិតអំណោយផ្តាច់របស់ពួកនាង ហើយបន្តប្តឹងទៅតុលាកា ររហូតដល់មានការចុះអនុវត្តសាលដីកា ដោយបង្ខំរឹបអូសយកដី និងផ្ទះបែបនេះ ។
តែទើបីយ៉ាងណា ស្ត្រីចាញ់ក្តី រួមទាំងសាច់ញាតិ ដែលជាកូន ជាក្មួយ បានសុំឲ្យស្ថាប័នពាក់ព័ន្ធ មេត្តាជួយស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះឡើងវិញ ៕