មន្ត្រីបម្រើការងារនៅស្នងការដ្ឋាននគរបាល ខេត្តកណ្តាលម្នាក់ បានរងការចោទប្រកាន់ពីបទប្រើអំពើហិង្សាលើស្ត្រីមានផ្ទៃពោះម្នាក់ រហូតដល់របួសធ្ងន់ (រំលូតកូន) កាលពីថ្ងៃទី១៤ ខែតុលា កន្លងទៅនេះ ស្ថិតនៅក្បែរអូតែលភ្នំពេញ ខណ្ឌដូនពេញ ។ មន្ត្រីនគរបាលរូបនោះមានឈ្មោះ ជិន ជឿន មានមុខងារជាមន្ត្រីដូចបានរៀបរាប់ខាងលើ ។

ដោយយោងតាមការរៀបរាប់ឲ្យដឹងពីសាច់ញាតិ របស់ស្ត្រីរងគ្រោះឈ្មោះ ស សល អាយុ២៦ឆ្នាំ ជាដើមបណ្តឹងបានប្រាប់ថា រូបនាងបានដាក់ពាក្យបណ្តឹង តាំងពីថ្ងៃទី១៤ ខែតុលា មកម្ល៉េះ ហើយសមត្ថកិច្ចជំនាញទទួលពាក្យបណ្តឹង ហាក់ដូចជាព្រងើយកន្កើយក្នុងការជួយរកយុត្តិធម៌ជូនជនរងគ្រោះ ក៏ដូចជាទារកដែលបានស្លាប់បាត់បង់ជីវិតចេញពីផ្ទៃម្តាយ (រំលូត) ផងដែឬ ។

បើតាមការរៀបរាប់លំអិតពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០យប់ ឈ្មោះ ជិន ជឿន ដែលត្រូវជាប្តីរបស់នាង រស់នៅដំបូលផ្ទះតែមួយ តែមិនទាន់រៀបការ បានប៉ុនប៉ងសម្លាប់ និងហិង្សាមានស្ថានទម្ងន់ មកលើរូបនាងបណ្តាលឲ្យរលូតកូននៅក្នុងផ្ទៃ ដែលកំពុងតែពពោះ៤ខែទៅហើយ ។

ជាមួយគ្នានេះ នារីរងគ្រោះបានស្នើសុំឲ្យលោកស្នងការដ្ឋាននគរបាល ខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុរសជាប្តី ដែលធ្វើអំពើយ៉ាងសាហាវព្រៃផ្សៃមកលើរូបនាង ។ តែគេនៅមិនទាន់អាចសុំការបំភ្លឺពីបុរសជាប្តី ឈ្មោះជិន ជឿន ដែលត្រូវបានប្រពន្ធចោទប្រកាន់ខាងលើនេះនៅឡើយទេ ហើយចំពោះវិធានការច្បាប់វិញ ក៏នៅមិនទាន់ដឹងថា លោកស្នងការនគរបាលខេត្តកណ្តាលនឹងធ្វើបែបណានោះដែរ តែមហាជនជាច្រើនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ៕