ខេត្តសៀមរាប ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ជាជនជាតិប៉េរូ បានធ្វើសកម្មភាពលួចកាបូបស្ពាយរបស់ស្ត្រីជនជាតិចិន ម្នាក់បានសម្រេច រួចគេចខ្លួនបាត់ប្រហែល៣ម៉ោង ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបញ្ជូនមកការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៅវេលាម៉ោង១៤ ថ្ងៃទី១៨ ខែតុលាឆ្នាំ ២០១៩ ។
ជនបរទេសទាំងពីរនាក់ប្ដីប្រពន្ធនេះ ប្ដីឈ្មោះMENDEZ TINCO EPIFANIO អាយុ៦៥ឆ្នាំ ជនជាតិប៉េរូ កាន់ លិខិតឆ្លងដែនលេខ ២១៦២៥២៥០៣ ជា ភ្ញៀវទេសចរ និងប្រពន្ធឈ្មោះ QUISPE ESPINOZA CARMEN LUZ អាយុ៤៩ឆ្នាំ ជនជាតិប៉េរូ កាន់លិខិតឆ្លងដែនលេខ១១៨៦១៣០៥៤ ជាភ្ញៀវទេសចរ ។ ទាំង២នាក់ស្នាក់នៅសណ្ឋាគារសាយវ៉ក ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

ចំណែកជនរងគ្រោះជាម្ចាស់កាបូប ឈ្មោះ ZHOU LI HUA ភេទស្រី កើតឆ្នាំ១៩៥៦ ជនជាតិចិន ជាភ្ញៀវទេសចរ ។ សម្ភារៈក្នុង កាបូបរួមមាន ៖ លិខិតឆ្លងដែន០២ក្បាល , ទូរស័ព្ទដៃ ម៉ាក HUAWEI ០១គ្រឿង និងប័ណ្ណឥណទាន០១សន្លឹក ។
ជនសង្ស័យទាំងពីរនាក់ត្រូវបានលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ៕