រាជធានីភ្នំពេញ៖ ស្រ្តីជនជាតិចិនម្នាក់បាត់លិខិតឆ្លងដែន បានធ្វើដំណើរមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីសុំឲ្យសមត្ថកិច្ចបញ្ជូនរូបគាត់ត្រឡប់ទៅប្រទេសចិនវិញ។


សមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ បានឲ្យដឹងថា ស្រ្តីជនជាតិចិន ដែលបាត់លិខិតឆ្លងដែននោះ ឈ្មោះ WANG JIE អាយុ៥៤ឆ្នាំ ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ គោលបំណងទេសចរ ហើយបានធ្វើដំណើរមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំឲ្យសមត្ថកិច្ចបញ្ជូនរូបគាត់ត្រឡប់ទៅប្រទេសចិនវិញ ព្រោះគាត់បានបាត់លិខិតឆ្លងដែន និងគ្មានលទ្ធភាពធ្វើលិខិតឆ្លងដែនថ្មី ។
ស្រ្តីជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីជួយដោះស្រាយតាមច្បាប់ ៕