ក្រោយពីសារព័ត៌មានជាច្រើន បានចុះផ្សាយពីជីវិតក្មេងប្រុសម្នាក់ឈ្មោះ នាង រដ្ឋនី អាយុ១៣ឆ្នាំ ក្នុងបណ្តាញសង្គមហ្វេសប៊ូក ដែលមានជីវភាពខ្វះខាត ម្តាយក៏មានជំងឺប្រចាំកាយ បង្ខំចិត្តជិះកង់ដឹកបន្លែលក់តាមភូមិ ក្រៅម៉ោងសិក្សា ដើម្បីបានកម្រៃខ្លះសម្រាប់ចិញ្ចឹមប្អូនៗ ចំនួន៣នាក់។

ព័ត៌មានខាងលើនេះ បានដឹងដល់លោកជំទាវ ហ៊ុន ម៉ាណា ហើយលោកជំទាវ មានក្តីអាណិតអាសូរដល់ក្មេងប្រុសយ៉ាងខ្លាំង ក៏បានចាត់ឱ្យក្រុមការងារមនុស្សធម៌ចុះសាកសួរសុខទុក្ខ និងនាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែករំលែកការលំបាកដល់គ្រួសារក្រីក្រ មួយគ្រួសារ ដែលកំពុងជួបជីវភាពខ្វះខាតយ៉ាងខ្លាំង រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ថានភាពរស់នៅរបស់គ្រួសារប្អូនប្រុស មានឪពុកឈ្មោះ ទួច អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ កែវ គឹមសាន អាយុ២៩ឆ្នាំ មានជំងឺហឺតប្រចាំកាយធ្វើការអ្វីមិនកើត ស្នាក់នៅផ្ទះជួល មានកូនក្នុងបន្ទុកចំនួន ៤នាក់។ កូនប្រុសច្បងមានឈ្មោះ នាង រដ្ឋនី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៣ ក្រោយចេញពីសាលារៀន ឆ្លៀតពេលទៅទទួលបន្លែពីគេ ដឹកនឹងកង់ជិះលក់តាមភូមិ។ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនរួមមាន៖ អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេស ទឹកដោះគោ២កេសធំ ទឹកសុីអុីវ៣យួរ វិទ្យុ១គ្រឿង សំលៀកបំពាក់ កាតាប ប៊ិកសៀវភៅ ខ្មៅដៃ សម្ភារៈប្រើប្រាស់ប្រើក្នុងផ្ទះមួយចំនួនធំ និងថវិកាចំនួន ៥០ម៉ឺនរៀលជារៀងរាល់ខែ គឺឧបត្ថម្ភពេញមួយឆ្នាំ ហើយថវិកាទាំងអស់នោះ បានរៀបចំទុកដាក់នៅធនាគារ(ABA)។

ក្នុងឱកាសនោះដែរក្រុមការងារតំណាងឱ្យលោកជំទាវ ហ៊ុន ម៉ាណា បានទទួលការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឱ្យក្មួយៗ ចៅៗ ខិតខំរៀនសូត្រឱ្យបានពូកែ ចំណែកឯឪពុកម្តាយវិញត្រូវខិតខំផ្តល់ឱកាសឱ្យកូនបានទៅរៀនគ្រប់ៗគ្នា និងឈប់ឱ្យកូនដឹកបន្លែលក់ដូចមុនទៀត ដេីម្បីឱ្យកូនទាំង៤នាក់នេះមានឱកាសរៀនសូត្រឱ្យបានពេញលេញ៕