ខេត្តកណ្ដាល៖ បុរសចិត្តខ្លាំងដៃឆៅម្នាក់ បានយកអង្កត់អុសវាយប្រពន្ធ កូន និងម្ដាយក្មេក បណ្ដាលឲ្យរបួសយ៉ាងដំណំ ព្រោះខឹងប្រពន្ធខ្លួន ជួយធ្វើការងារឪពុកម្ដាយ។ ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុង ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។


សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ត្រូវចាប់ខ្លួននេះ មានឈ្មោះ ស៊ុន លីថូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ ។ ចំណែក ជនរងគ្រោះមានគ្នា៣នាក់ ទី១- ឈ្មោះផេង វុទ្ធី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ (ត្រូវជាប្រពន្ធ) ទី២-ឈ្មោះ ឈុត ឈឿន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ (ម៉ែក្មេក) និងទី៣- ឈ្មោះ ថូ ដារ៉ា ភេទប្រុស អាយុ១៣ខែ (ត្រូវជាកូន) របួសហើមជាំក្រោមភ្នែកខាងឆ្វេង១កន្លែង ។ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅក្នុង ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការចាប់ខ្លួន ជនសង្ស័យ បញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕