ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៤ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី ប្រសូត្របុត្រទី២ គឺព្រះអង្គម្ចាស់នរោត្តម រ័ក្ស វីវង្ស។ ក្រោយរដ្ឋប្រហារទម្លាក់ព្រះបិតាសីហនុ ចេញពីអំណាចឆ្នាំ១៩៧០ ព្រះអង្គម្ចាស់រ័ក្សវីវង្ស បានយាងចូលព្រៃតស៊ូជាមួយពួកខ្មែរក្រហម ក្នុងនាមរណសិរ្សរួបរួមជាតិកម្ពុជា ដើម្បីរួមចំណែកក្នុងការផ្តួលរលំរបបសាធារណរដ្ឋរបស់លន់ នល់ ដែរ តែទ្រង់បានសោយទិវង្គតដោយជម្ងឺនៅក្នុងព្រៃ ក្នុងឆ្នាំ១៩៧៣។

ព្រះអង្គម្ចាស់នរោត្តម ចក្រព័ង្ស

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៤៥ ម្ចាស់ក្សត្រីស៊ីសុវត្ថិ ពង្សសានមុនី បានប្រសូត្របុត្រទី៣ គឺព្រះអង្គម្ចាស់នរោត្តម ចក្រព័ង្ស។
ព្រះអង្គម្ចាស់ចក្រព័ង្ស បានយាងទៅបន្តការសិក្សានៅប្រទេសបារាំង និងបានទៅសិក្សានៅវិទ្យាស្ថានកងទ័ពជើងអាកាស នៅប្រទេសយូហ្គោស្លាវី ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៦៩ ទ្រង់បានចូលបម្រើការងារជាអាកាសយានិកនៅក្នុងកងទ័ពជើងអាកាសកម្ពុជា។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ត្រូវបានឃុំខ្លួនឲ្យនៅតែក្នុងផ្ទះ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៧៣ ក៏មានឱកាសបានយាងចេញទៅទីក្រុងប៉េកាំង ជាមួយអតីតព្រះមហាក្សត្រីស៊ីសុវត្ថិ កុសុមៈ ដែលមេដឹកនាំរបបសាធារណរដ្ឋខ្មែរ អនុញ្ញាតឲ្យចាកចេញទៅរស់នៅជាមួយសម្តេចសីហនុ នៅក្រុងប៉េកាំង។

ព្រះអង្គម្ចាស់ចក្រព័ង្ស ជាមួយព្រះមហាក្សត្រសីហមុនី និងសម្តេចម៉ែ

ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ទ្រង់រស់នៅជាមួយសម្តេចព្រះនរោត្តមសីហនុ ជាព្រះបិតានៅក្រុងប៉េកាំង ដោយមានតួនាទីជាប្រធានពិធីការខុទ្ធការល័យរបស់ព្រះអង្គ។
ក្រោយជ័យជម្នះរបស់ពួកខ្មែរក្រហមថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទ្រង់បានសម្រេចព្រះទ័យមិនត្រឡប់មកមាតុប្រទេសតាមព្រះបិតាវិញទេ ទ្រង់បានទៅរស់នៅប្រទេសបារាំង រហូតដល់ចុងឆ្នាំ១៩៨០ ទ្រង់បានចូលរួមក្នុងចលនាតស៊ូរណសិ្សរួបរួមជាតិ ដើម្បីឯករាជ្យអព្យាក្រិត្យសន្តិភាព និងសហប្រតិបិត្តការ (FUNCINPEC) ជាមួយព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ដោយមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងទ័ពជាតិសីហនុនិយម ។

ព្រះអង្គម្ចាស់ចក្រព័ង្ស ជាមួយសម្តេចព្រះរាម បុប្ផាទេវី

ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទ្រង់បានចូលរួមជាមួយរបបរដ្ឋកម្ពុជា ដែលដឹកនាំដដោយយគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៩២ ទ្រង់ចក្រព័ង្ស បានទទួលឋានៈជាឧបនាយករដ្ឋមន្ត្រីនិងជាមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី នៃរបបរដ្ឋកម្ពុជា ។

ព្រះអង្គម្ចាស់ចក្រព័ង្ស ជាមួយព្រះអង្គម្ចាស់ នរោត្តម នរិន្រ្ទាពង្ស

ក្រោយការបោះឆ្នោត ដែលរៀបចំឡើងដោយអ៊ុនតាក់ ខែឧសភា ឆ្នាំ១៩៩៣ គណបក្សប្រជាជនចាញ់ឆ្នោត (គណបក្សប្រជាជន ទទួលបានអាសនៈនៅក្នុងរដ្ឋសភា ៥១ គណបក្សហ៊្វុនស៊ីនប៉ិច ទទួលបាន៥៨) ទ្រង់ចក្រព័ង្ស និងឧត្តមសេនីយ៍ ស៊ិន សុង អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខនៃរបបរដ្ឋកម្ពុជា បានបង្កើតតំបន់អបគមន៍ នៅត្រើយខាងកើតទន្លេមេគង្គ៕

ព្រះអង្គម្ចាស់ចក្រព័ង្ស ជាមួយព្រះអនុជ អារុណ រស្មី