ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ គ្រាន់តែម្ចាស់គេដើរចូលក្នុងផ្ទះមួយភ្លែច ហើយភ្លេចដកកូនសោចេញ ស្រាប់តែលួចឡើងបើករថយន្តរបស់គេយកទៅបាត់ លុះពេលម្ចាស់រថយន្តដេញតាមចាប់បាន បែរជាថារូបគេមានសតិមិនប្រក្រតីទៅវិញ។ ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។


ជនសង្ស័យជាចោរចិត្តធំលួចរថយន្តគេនេះ មានឈ្មោះសៅ វិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ (សមត្ថកិច្ចថា មានសតិមិនប្រក្រតី) មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ ដកហូត រថយន្ត១គ្រឿងម៉ាក HYUNDAI MIGHTY ពណ៌ស ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៥៨១៩ (របស់ជនរងគ្រោះ)។ ចំណែក ជនរងគ្រោះ មានឈ្មោះហេង សុខពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរ ទិញអេតចាយ ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះ បានចតរថយន្តរបស់ខ្លួនទុកនៅមុខផ្ទះដោយមិនបានដកសោរចេញទេ ហើយបានដើរចូលទៅក្នុងផ្ទះដើម្បីហូបបាយពេលនោះ ស្រាប់តែពេលនោះ ជនសង្ស័យ បានធ្វើសកម្មភាពលួចបើកចេញបាត់ទៅ ។ ពេលហូបបាយរួចជនរងគ្រោះចេញមកមើលមិនឃើញរថយន្ត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យបានបើកចេញទៅតាមផ្លូវលេខ២១ឆ្ពោះទៅទិសខាងត្បូង។


ប្រភពបន្តថា ពេលនោះ ជនរងគ្រោះបានឲ្យកូនចៅ ជិះម៉ូតូតាមរក រហូតដល់ឃុំព្រែកអំបិលស្រុកស្អាង ក៏ឃើញជនសង្ស័យ កំពុងបើករថយន្ត ហើយនាំគ្នាស្ទាក់ឃាត់ជនសង្ស័យតែម្តង ។
ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕