ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចគល់ស្ពានដងទង់ ស្ថិតភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ ដែលត្រូវឃាតករវាយសម្លាប់ទាំងដៃជាប់ខ្នោះ ហើយយកសាំងចាក់ដុតសពឡើងខ្លោច បំណងបំបិតភស្តុតាង តែពេលនេះ សមត្ថកិច្ចស្គាល់អត្តសញ្ញាណសពជនរងគ្រោះហើយ។


សពជនរងគ្រោះជាជនជាតិចិន ភេទប្រុស អាយុ៤០ឆ្នាំ មានសាក់រូបព្រះម៉ែគង់សាអ៊ីម ។
លោក ជេត វណ្ណនី ស្នងការរងខេត្ត បានឲ្យដឹងថា សពជនរងគ្រោះ មានជាប់ខ្នោះដៃ ដែលត្រូវឃាតករព្រួតគ្នាសម្លាប់ ហើយដឹកសពមកទម្លាក់ចោលនៅក្បាលស្ពានដងទង់ នៅស្រុករតនមណ្ឌល។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកក្លាស្សេតម្កល់ទុកនៅក្នុងវត្តស្ទឹងមានជ័យ ឯរាជធានីភ្នំពេញ តាមការស្នើសុំរបស់ស្ថានទូតចិន ដើម្បីសមត្ថកិច្ចនាយកដ្ឋានបច្ចេកទេស ធ្វើកោសល្យវិច័យបន្ថែមទៀត ឈានដល់កំណត់មុខសញ្ញាជនដៃដល់ជាឃាតករ និងចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕