រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជម្រុញ​អោយ​ភាគី​ពាក់ព័ន្ធ​ធ្វើការ​បើក​ការដ្ឋាន​អ៊ុត​ផ្លូវ​កៅស៊ូ​មហាវិថី សម្ដេច​តេ​ជោ ហ៊ុន សែន ហៅ​ផ្លូវ​៦០​ម៉ែត្រ​អោយ​បាន​រួចរាល់​ជា​ស្ថាពរ និង​ដាក់​អោយ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​នៅ​ចុងឆ្នាំ​២០១៩​នេះ ។

ការ​ជម្រុញ​នេះ​ធ្វើ​ឡើង​ក្នុង​ដំណើរ​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​៦០​ម៉ែត្រ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ តុលា ២០១៩​នេះ ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍ អោយ​ដឹង​ថា ការ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​មហាវិថី សម្ដេច​តេ​ជោ ហ៊ុន សែន ហៅ​ផ្លូវ​៦០​ម៉ែត្រ ត​ភ្ជាប់​ជាមួយនឹង​ផ្លូវ​២៧១ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​៧ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដើម្បី​សម្រួល​ឲ្យ​ការ​ធ្វើ​ចរាចរណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ ខណៈ​ដែល​ផ្លូវ​ខាងលើ​នេះ មាន​លក្ខណៈ​តូច​ចង្អៀត ដោយសារ​តែ​មាន​ផល​ប៉ះពាល់​ជាមួយ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ទីនោះ ។ យ៉ាងណា មក​ដល់​ពេល​នេះ ផល​ប៉ះពាល់​ទាំងនោះ​ត្រូវ​បាន​ដោះស្រាយ​ហើយ ។

ចំណែកឯ​ប្រជាពលរដ្ឋ​បាន​ទទួលយក​នូវ​សំណង​របស់​ក្រុមហ៊ុន​ដោយ​សប្បាយ​រីករាយ​ក្នុង​ចិត្ត ដោយសារ​តែ​ក្រុមហ៊ុន​សាងសង់​លំនៅ​ដ្ឋា​ន​ជូន​ពួក​គាត់ អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ។ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បឹង​ដែល​រង​ផល​ប៉ះពាល់​ដែរ​នោះ ក៏​ទទួល​បាន​លំនៅ​ដ្ឋា​ន​ធ្វើ​អំពី​ថ្ម ដោយ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ផង​ដែរ ដោយ​ពួក​គាត់​ទទួល​បាន​ផ្ទះល្វែង​នៅ​ក្នុង​បុរី​នៅ​ក្បែរ​នឹង​ទីតាំង​ដែល​ទទួល​រង​ផល​ប៉ះពាល់​នោះ​ផង​ដែរ ៕