ភ្នំពេញ ៖ រថយន្តហាយឡែនដឺរ១គ្រឿង បើកបរដោយតៃកុងស្ទើរភ្លើងម្នាក់ បានជាន់ហ្វ្រាំង តែច្រឡំជាន់ហ្គា បណ្តាលឲ្យរថយន្តស្ទុះទៅបុករះម៉ូតូចំនួន២គ្រឿង ហើយមិនទាន់អស់ល្បឿន ក៏ទម្លុះចូលផ្ទះប្រជាពលរដ្ឋទៀត ។
ហេតុការណ៍នេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២០និង៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលេខ៦៣Eo លើចិញ្ចើមផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។


លោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា រថយន្តបង្កម៉ាក ហាយឡែនដឺរ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AT-6127 បើកបរដោយជនមិនស្គាល់ឈ្មោះម្នាក់។ ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៍រួច បានគេចខ្លួនបាត់តែម្តង ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។
ប្រភពបន្តថា មុនពេលកើតហេតុ រថយន្តហាយឡែនដឺរនោះ បានបើកមកចូលទិញបបរ ហើយជាន់ហ្វ្រាំងច្រឡំជាន់ហ្គា ក៏ជ្រុលទៅបុកម៉ូតូ២គ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួស ហើយរថយន្តបង្កមិនទាន់អស់ល្បឿន ក៏បុកទម្លុះចូលផ្ទះប្រជាពលរដ្ឋថែមទៀត។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើកំណត់ហេតុរួចរាល់បានប្រគល់ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមផ្លូវច្បាប់៕