ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បង្ក្រាបចាប់ខ្លួនក្រុមឧក្រិដ្ឋជនចំនួន៥នាក់ ដែលធ្វើសកម្មភាពល្មើសច្បាប់ក្នុងខេត្តព្រះសីហនុ នាំមកចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ។


ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរំដោះបានជនរងគ្រោះម្នាក់ជាជនជាតិចិន ដែលក្រុមជនជាតិចិនដូចគ្នាចាប់បង្ខាំងទុកក្នុងផ្ទះធ្វើទារុណកម្មក្នុងអំពើចាប់ជំរិតយកប្រាក់ជាងមួយសប្តាហ៍មកហើយ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ម្តុំស្ថានីយរថភ្លើង) ។


ប្រភពពីមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសពេញខ្លួនត្រូវបានរថយន្តសង្គ្រោះរបស់កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។
ប្រភពបន្តថា ក្រុមឧក្រិដ្ឋជន បានប្រើហិង្សាលើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារគិតជាប្រាក់ (បាយមួយកញ្ចប់៣០០ដុល្លារ ទឹកសុទ្ធមួយដប១០០ដុល្លារ) ។ នៅមិនទាន់មានរបាយការណ៍លម្អិតបន្ថែមជុំវិញករណីនេះទាំងអត្តសញ្ញាណ និងសាវតាដើមហេតុ ពីសមត្ថកិច្ចជំនាញនៅឡើយ ដោយរង់ចាំការសាកសួរស្រាវជ្រាវបញ្ចប់។ (ប្រភពពី Huy Bunleng)
ព័ត៌មានលម្អិតយ៉ាងណានោះ «KBN» នឹងផ្សាយជូននៅពេលក្រោយ៕