ខេត្តកំពង់ស្ពឺ ៖ យប់មិញនេះមានករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ កើតឡើង​រវាង​រថយន្ត​FORD ចំណុះ​១៨​កៅអី ដឹក​អ្នកដំណើរ​បុក​ជាមួយ​រថយន្ត​សណ្ដោង​កុងតឺន័រ ដែល​កំពុង​ចត​ស្ងៀម បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ រង​របួសធ្ងន់​និង​ស្រាល​មនុស្ស​ចំនួន​០៦​នាក់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២៣​និង​៥៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៧ តុលា ២០១៩​នេះ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​(38-39) ត្រង់​ចំណុច​ទំនប់​អូរ​ក្រាំង​អំបិល ក្នុងភូមិ​ស្លា​ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​ស្លាប់​ឡើយ ដោយសារ​មានការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

ប៉ូលិស​ចរាចរណ៍​បាន​បន្ត​ថា មុន​កើតហេតុ រថយន្ត Ford ដឹក​អ្នកដំណើរ​ប្រភេទ​១៨​កៅអី មក​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ បើកបរ​មក​ពី​លិចទៅ​កើត មក​ដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-9186 មាន​សណ្ដោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 4A-5956 ពីក្រោយ ដែល​កំពុង​ឈប់​នៅ​ខាងស្តាំ​(​កង់​ម្ខាង នៅ​លើ​ផ្លូវ​កៅស៊ូ និង កង់​ម្ខាង​ទៀត នៅ​លើ​គ្រួ​ស​ក្រហម បណ្តាល​ឲ្យ​រថយន្ត Ford ឆេះ ក្រោយ​ពេល​កើតហេតុ​ប្រមាណ​១៥​នាទី កម្លាំង​អន្តរាគមន៍​ជួយ​សង្គ្រោះ​យក​អ្នក​របួស​ចេញពី​រថយន្ត​អស់​ទើប​រថយន្ត​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ។ អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន ជន​រង​គ្រោះ កំពុង​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕