ខេត្តរតនគិរី៖ នារី៣នាក់ជាបងប្អូននឹងគ្នា តែមិនចេះអាណិតស្រលាញ់សាមគ្គីគ្នាសោះ ក៏បានទាក់ពាក្យសម្តីទាស់ទែងគ្នា រហូតក្លាយជាអំពើហិង្សាវាយតប់គ្នា គឺ២នាក់ព្រួតវាយម្នាក់ ។ ទីបំផុត អ្នកចាញ់បានត្រឹមដេកពេទ្យ ហើយអ្នកឈ្នះត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់។
ករណីហិង្សាបងប្អូនស្រី៣នាក់វាយគ្នានេះ បានកើតឡើង នៅវេលាម៉ោង១៥ និង៣៥នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះឈ្មោះ ជុំ ហុង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។


នារីដៃដល់ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ ទី-ឈ្មោះជុំ មុំ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងទី២-ឈ្មោះចាវ ដាលី ហៅនី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ អ្នកទាំង២ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែក នារីរងគ្រោះឈ្មោះ វិត កញ្ញា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសពេញដងខ្លួន។


សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ និងនារីដៃដល់ជាបងប្អូននឹងគ្នា ប៉ុន្តែពួកនាងមិនចេះស្រលាញ់សាមគ្គីគ្នាសោះ ក៏បានទាស់ពាក្យសម្ដីតិចតួចឈានដល់ប្រើហិង្សាវាយតប់គ្នាម្តង បណ្តាលឲ្យនារីរងគ្រោះរងរបួសពេញខ្លួនត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសមន្ទីរពេទ្យ។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ច ចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួននារីដៃដល់យកទៅសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីចាត់ការតាមនីតិវិធី៕