ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ អ្នកម្នាងផាត់ កាញ៉ុល បានប្រសូតបុត្រាមួយអង្គទៀត ព្រះនាមនរោត្តម រណឬទិ្ធ ។
នៅឆ្នាំ១៩៦៨ ទ្រង់បានទទួលបរិញ្ញាបត្រច្បាប់ និងវិទ្យាសាស្ត្រនយោបាយ នៅប្រទេសបារាំង ។

ព្រះនាមនរោត្តម សីហនុ

នៅក្នុងឆ្នាំ១៩៦៨ នោះដែរ ទ្រង់បានរៀបអាពាហ៍ពិពាហ៍លើកទី១ ជាអ្នកម្នាងអេង ម៉ារី (កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៨)។ ឆ្នាំ១៩៦៩ ទ្រង់បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ច្បាប់សាធារណៈនៅប្រទេសបារាំង។

អ្នកម្នាងផាត់ កាញ៉ុល

ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទ្រង់ត្រូវបានតុលាការសឹកនៃរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ កាត់ទោសនៅក្នុងខែកក្កដា ឆ្នាំ១៩៧១។ តែក្រោយមក បានដោះលែងវិញ និងបានចាកចេញពីប្រទេស ទៅរស់នៅជាមួយព្រះបិតាសីហនុ នៅក្រុងប៉េកាំង ក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៣។

ព្រះអង្គម្ចាស់នរោត្តម រណឬទិ្ធ

នៅឆ្នាំ១៩៧៤ ទ្រង់បានទទួលសញ្ញាបត្របណ្ឌិតច្បាប់ នៅប្រទេសបារាំង និងនៅឆ្នាំ១៩៧៩ ទ្រង់បានទទួលសញ្ញាបត្រជាន់ខ្ពស់ជំនាញដឹកជញ្ជូនតាមផ្លូវអាកាស ដែលខណៈនោះ ទ្រង់ក៏ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រនយោបាយ នៅប្រទេសបារាំង ផងដែរ។

ព្រះអង្គម្ចាស់នរោត្តម រណឬទិ្ធ រៀបអាពាហ៍ពិពាហ៍ ជាអ្នកម្នាងអេង ម៉ារី

បន្ទាប់ពីបានបុត្រា នរោត្តម រណឬទិ្ធ ប៉ុន្មានឆ្នាំមក អ្នកម្នាងផាត់ កាញ៉ុល និងព្រះមហាក្សត្រនរោត្តម សីហនុ បានលែងលះគ្នា ហើយអ្នកម្នាង
បានទៅរៀបការជាមួយមន្រ្តីប៉ូលិសម្នាក់ ឈ្មោះ ចាប ហួត និងមានកូន ៥នាក់ទៀត ក្នុងនោះកូនទី៣ ឈ្មោះ ចាប ញ៉ាលីវុធ ។

លោកចាប ញ៉ាលីវុធ

ក្រោយគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត ឆ្នាំ១៩៩៣ លោកចាប ញ៉ាលីវុធ ធ្លាប់បានកាន់ដំណែងជាតំណាងរាស្ត្រ ជាអភិបាលរងរាជធានីភ្នំពេញ ជាអភិបាលខេត្តសៀមរាប ។ល។

អ្នកម្នាងផាត់ កាញ៉ុល សោយទិវង្គត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៦៩។
ពិធីបូជាសពរបស់អ្នកម្នាងផាត់ កាញ៉ុល បានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ១៩៦៩ នៅសួនច្បារមុខវត្តបុទុមវត្តី ដោយមានសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ជាអ្នកប្រទានភ្លើង ៕

ពិធីដង្ហែសពរបស់អ្នកម្នាងផាត់ កាញ៉ុល