ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០១៩នេះ មានប្រមាណជា ១លានប្រតិបត្តការ ហើយក្រសួងប្រមូលចំណូលបានសរុប ប្រមាណជាង ១១៤ពាន់លានរៀល។

ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាបេក្ខជន ដែលនឹងក្លាយជាដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ លោកស្រីកុយ សុដានីបានថ្លែងថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការនិងដឹកជញ្ជូន បានបង្កើតប្រព័ន្ធបច្ចេកវិទ្យា ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការកាត់បន្ថយពេលវេលាផ្តល់សេវា កាត់បន្ថយចំណាយក្រៅផ្លូវការ ក៏ដូចជាបង្ខិតសេវាកាន់តែជិតប្រជាពលរដ្ឋ។

លោកស្រីបន្តថា “វឌ្ឍនភាពការងារផ្តល់សេវា រយៈពេល ៩ខែ ឆ្នាំ២០១៩ មានប្រមាណជា ១លានប្រតិបត្តការ និងប្រមូលចំណូលដុលបានសរុប ប្រមាណជាង ១១៤ពាន់លានរៀល ខណៈបច្ចុប្បន្នមានគ្រឹះស្ថានដៃគូរចំនួន៦ បានចាប់ដៃគូរជាមួយក្រសួង”។លោកស្រីរដ្ឋលេខាធិការឲ្យដឹងទៀតថា គំនិតផ្តួចផ្តើមថ្មីរបស់ក្រសួង ក្នុងការផ្តល់សេវាលេខពិសេសផ្ទាល់ខ្លួន ដែលជាបង្គំ អក្សរ និងលេខឡាតាំងមិនលើសពី៨ខ្ទង់ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ដែលក្នុងនោះផងដែរក្រសួងក៏មានបំណងផ្ដល់ជម្រើស ក្នុងការបង់ប្រាក់បញ្ជាទិញ និងការចូលរួមដេញថ្លៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ គំនិតផ្តួចផ្តើមទាំងនេះអាចដំណើរការទៅបាន លុះត្រាតែមានការសហការពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា ក្នុងការចរាចរណ៍សាច់ប្រាក់នៅកម្ពុជា។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំង៩ នឹងចូលជាដៃគូរជាមួយក្រសួងក្នុងការទូទាត់ និងប្រមូលចំណូល សម្រាប់សេវាសាធារណៈ របស់ក្រសួង ជាពិសេសសេវាលេខពិសេសផ្ទាល់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជម្រើសច្រើនក្នុងការមកទទួលសេវានេះផងដែរ៕