ខេត្តកំពត ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​មួយ​ក្រុម ចូល​ទៅ​កម្សាន្ត​ក្នុង​ហាង​ខារ៉ាអូខេ មួយ​កន្លែង គ្រាន់​ដែល​កំពុង​អង្គុយ​ផឹកស៊ី​សប្បាយ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​សើយសំពត់​នារី​ខារ៉ាអូខេ​ម្នាក់ នារី​រូប​ស្រស់​ក៏​បាន​រុញ​ចិន​រូប​នេះ​ចេញ ធ្វើ​អោយ​ជន​ដៃដល់​ខឹងសម្បារ បាន​ទះកំផ្លៀង​នាង​មួយ​ដៃ ថែម​ទៀត ។

ហេតុការណ៍​បង្ក​ហិង្សា​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត១០​​យប់​ថ្ងៃ​ទី​១៥ តុលា ២០១៩ នៅ​ចំណុច​ហាង​ខារ៉ាអូខេ​យីហោ «​នគរ​មាស​» ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ប្រភព​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​មានឈ្មោះ វ៉ាង ជីនជិន អាយុ​៤៣​ឆ្នាំ មានមុខ​របរ​ជាង​ម៉ៅ​ការ​ក្រឡុក​បេតុង កាន់​លិខិតឆ្លងដែន​លេខ​… ស្នាក់​នៅ​ភូមិ​ចំការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​ល​.​ដ ភេទ​ស្រី អាយុប្រមាណ​ជា​២៨​ឆ្នាំ មុខរបរ​ជា​អ្នកបម្រើ​ការងារ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ខាងលើ ស្នាក់​នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

តាម​ប្រភព​ព័ត​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងជាបឋម​​ថា មុន​ពេល​កើតហេតុ ជន​បង្ក​ជា​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៤​នាក់ បាន​ចូល​ទៅ​ច្រៀង​សប្បាយ​កម្សាន្ត​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​«​នគរ​មាស​» ហើយ​ក្រោយមក​ពេល​កំពុង​អង្គុយ​ផឹកស៊ី​សប្បាយ ជន​ដៃដល់​ឃើញ​នារី​រង​គ្រោះ​ដែល​មក​អង្គុយ​ផឹក​ជាមួយ​ជនជាតិ​ចិន​ម្នាក់​ទៀត ដែល​ជា​មិត្តភក្តិ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​បាន​លូកលាន់ ចាប់​សើយសំពត់​នារី​រង​គ្រោះ ធ្វើ​អោយ​នាង​ខឹង​ក៏​បាន​យកដៃ​រុញ​ជន​ដៃដល់​ចេញពី​ខ្លួន ពេល​នោះ​ធ្វើ​អោយ​ជន​បង្ក​ជា​បុរស​ចិន​នោះ​ខឹង​ក៏​ទះកំផ្លៀង​នារី​រង​គ្រោះ​មួយ​ដៃ បន្ទាប់​មក​សន្តិសុខ​ដែល​ធ្វើការ​នៅ​ទីនោះ បាន​ចូល​មក​ជួយ​ឃាត់ ។

បើ​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​ភ្ញៀវ​ដែល​មក​ច្រៀង​កម្សាន្ត​ខាងលើ​ចូល​មក​ច្រៀង​ដោយ​គ្មាន​សីលធម៌​ក្នុង​ខ្លួន​នោះ​ទេ ពេល​ខ្លះ​ពួក​គេ​យកដៃ​ច្របាច់​កំ​ប៉ះ​គូទ និង​លាត់សំពត់​នារី​ទាំងអស់​ដែល​នៅ​ក្នុង​នោះ​ថែម​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​បញ្ជូន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋា​បាល ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕