ខេត្តព្រះសីហនុ ៖ ទីបំផុត កាលពីម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តកំពត សហការជាមួយសមត្ថកិច្ចព្រះសីហនុ បានធ្វើការស្រាវជ្រាវ ឈានដល់ចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ នៅក្នុងក្រុងព្រះសីហនុ ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈបូកលើនារីវ័យក្មេងជនជាតិបារាំងម្នាក់ ហើយយកទូរស័ព្ទថតវីដេអូទុក ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី មានទីលំនៅក្នុងភូមិបឹងវែង ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យនេះ រួមនឹងបក្ខពួក២នាក់ទៀត បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបូកបានសម្រេច លើនារីជាជនជាតិបារាំងម្នាក់ កាលពីវេលាទៀបភ្លឺ ថ្ងៃទី១១ ខែតុលា កន្លងទៅ ថែមទាំងយកទូរស័ព្ទដៃថតជាវីដេអូទៀតផង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភលើស្ត្រីជនជាតិបារាំងម្នាក់ ពិតប្រាកដមែន ដោយខ្លួនរំលោភនាងនៅលើរថយន្ត កាលពីវេលាទៀបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កន្លងមក ហើយបក្ខពួករបស់គេ២នាក់ទៀត ក៏បានរំលោភនារីរងគ្រោះនៅលើរថយន្តដូចគ្នា។
ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែក ជនសង្ស័យ២នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួន នាំមកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីស្ត្រី ជនជាតិបារាំងម្នាក់ ត្រូវបានជនទំនើងល្មោភកាម១ក្រុមមានគ្នា៣នាក់ បានចាប់បង្ខំរុញចូលរថយន្ត ដឹកយកទៅចាប់រំលោភបូក នៅតាមផ្លូវចាក់បេតុងរួចចូលទៅក្នុងព្រៃស្ងាត់មួយកន្លែង នាមូលដ្ឋានក្រុងកំពត បានសម្រេចទាំងអស់គ្នា ហើយក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់ទៅ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល ស្ត្រីរងគ្រោះជនជាតិបារាំងរូបនោះ ក៏បានទៅដាក់ពាក្យបណ្តឹងដល់កម្លាំងសមត្ថកិច្ចស្នងការដ្ឋានខេត្តកំពត ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ ស្រាវជ្រាវរកមុខល្មើសយកមកផ្តន្ទាទោសតាមច្បាប់។
ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅក្នុងអំឡុងពេលដែលជនល្មើសចំនួន ៣នាក់ ចាប់រំលោភរូបនាង នៅក្នុងរថយន្តនោះ ពួកវា(ជនល្មើស) បានថតជាវីដេអូរួមភេទនោះតាមទូរស័ព្ទដៃថែមទៀតផង។


លុះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញសេចក្តីបំភ្លឺជូនសាធារណជនទាំងអស់ ក៏ដូចជាបញ្ជាក់ជូនបណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបថា ៖ « កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៩ វេលា ម៉ោង១៧ និង១០នាទី អធិការដ្ឋាន នគរបាលក្រុងកំពត បានទទួលបណ្តឹងពីស្ត្រីបរទេសឈ្មោះ PELATAN PATRICIA SANDRINE ជនជាតិបារាំង អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខៈ 15CT20182 ស្នាក់នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ថា: នៅម៉ោង៣ និង០០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ខណៈពេលគាត់កំពុងដើរម្នាក់ឯងចេញពីហាងផឹកស៊ី Golden Time ( ស្ថិតនៅក្នុងភូមិ ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ) ដើម្បីទៅផ្ទះពេលដើរមកដល់ផ្លូវម៉ាកេង ដែលស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ស្រាប់តែមានមនុស្សប្រុស០៣ នាក់ ជាជនជាតិខ្មែរ (មិនស្គាល់សាវតា) ជិះឡានកាមរីពណ៌ស តាមពីក្រោយរួចបានហៅគាត់ឡើងជិះឡានថាជូនទៅផ្ទះ ប៉ុន្តែជននោះ បែរជានាំគាត់ពីខេត្តកំពត ទៅខេត្តកែប រួចរំលោភសេពសន្ថវៈចំនួន២ នាក់ លុះដល់ម៉ោង ០៥.៤០ នាទី ទើបបានដឹកគាត់មកទម្លាក់នៅរង្វង់មូលផ្លែទុរេនវិញ ។

ឆ្លងតាមការសាកសួរជនរងគ្រោះយ៉ាងយកចិត្តទុកដាក់ បានប្រាប់ពីទីកន្លែងកើតហេតុ និងកន្លែងដែលជនសង្ស័យដឹកយកមកទម្លាក់ចោលនោះ គឺសុទ្ធតែជាកន្លែងដែលសមត្ថកិច្ចយើងបានបំពាក់កាម៉េរាសុវត្ថិភាពទាំងអស់ ។ លុះពេលសមត្ថកិច្ចឆែកពិនិត្យតាមកាម៉េរាសុវត្ថិភាពនៅតាមគោលដៅទាំងនោះ មិនមានឃើញសកម្មភាពដូចការប្តឹងរបស់ជនរងគ្រោះឡើយ។ ក្រោយមកទៀត សមត្ថកិច្ច ក៏បាននាំជនរងគ្រោះទៅចង្អុលបង្ហាញអំពីទីកន្លែងកើតហេតុ ជនរងគ្រោះឆ្លើយថាគាត់មិនចាំ មិនស្គាល់កន្លែងទៅវិញ ។
ជុំវិញករណីនេះ ទោះបីមាន ឬមិនមានក្តី ក៏កម្លាំងសមត្ថកិច្ចយើងក្នុងនាមជាអ្នកថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសនគរបាលខេត្តកំពត នៅតែយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវលើករណីនេះ ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន នឹងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យខាងតែបាន ។

សូមបញ្ជាក់ថា ចំពោះករណីនេះយើងពិនិត្យឃើញថា ចំណុចខ្លះមិនមានភាពច្បាស់លាស់ ហើយមានសញ្ញាណតិចតួចណាស់ សម្រាប់បម្រើឲ្យការស្រាវជ្រាវ និងឈានទៅកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើស ដូច្នេះទាមទារការប្រើប្រាស់ពេលវេលាច្រើនក្នុងការស្រាវជ្រាវ ស៊ើបអង្គេតបានច្បាស់លាស់ ។ សូមអរគុណ!»៕
សូមប្រិយមិត្តទស្សនាវីដេអូរបស់ freshnews ដូចខាងក្រោម៖