ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ខួប៧ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ។

គួររំលឹកថា សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយ ព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។


ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១ និង២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះរាជពាធ ក្នុងជន្មាយុ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង៣រសៀល។


សូមបញ្ជាក់ដែរថា ក្រោយការយាងសោយទិវង្គរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំនៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ៕