បរទេស៖ ប្ដីប្រពន្ធជនជាតិមិកស៊ិកមួយគូត្រូវបានប៉ូលិសចាប់ខ្លួន ព្រមទាំងបានផ្ដន្តាទោសឲ្យជាប់ពន្ធនាគារម្នាក់ជាង ៣០០ឆ្នាំ ពីបទរួមគំនិតគ្នាសម្លាប់មនុស្សចំនួន ២០នាក់ ដែលព័ត៌មាននេះបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ។

ប្ដីប្រពន្ធខាងលើមានឈ្មោះ នាង Juan Carlos Hernandez Bejar អាយុ ៣៨ឆ្នាំ និងលោក Patricia Martinez Bernal អាយុ ៤៤ឆ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បើទោះបីជាប្ដីប្រពន្ធឃាតករខាងលើនេះបានប្រព្រឹត្តនូវអំពើដ៏ព្រៃផ្សៃបំផុតយ៉ាងណាក៏ដោយ ក៏ពុំមានអ្នកណាម្នាក់ចាប់អារម្មណ៍អំពីសកម្មភាពប្រចាំថ្ងៃរបស់គេដែរ ព្រោះមើលទៅហាក់ដូចជាស្ងៀមស្ងាត់ល្អ មិនមានអ្វីមិនប្រក្រតីឡើយ ។

យ៉ាងណាមិញ បើគិតចាប់ពីខែមករា ដល់ខែ តុលានេះ មានករណីបាត់ខ្លួនមនុស្សញឹកញាប់ នៅក្នុងតំបន់ តួយ៉ាងដូចជាមាននារី៣នាក់បានបាត់ខ្លួនកាលពីពេលថ្មីៗនេះ ទាំងពុំដឹងអំពីមូលហេតុ ។
បន្ទាប់មកស្រាប់តែអ្នកនៅជុំវិញតំបន់កើតហេតុ ពោលគឺនៅក្បែរកន្លែងស្នាក់នៅរបស់ឃាតករទាំងពីរនាក់នៅជាយក្រុង អេ ស្តា បេតេបូរ៉េឡូស បានប្រទះឃើញវត្ថុគួរឲ្យសង្ស័យមួយចំនួន ទើបប៉ូលិសបានប្រមូលវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព និងរកឃើញថា ទាំងពីរនាក់ប្ដីប្រពន្ធមួយគូនេះបានប្រើសកម្មភាពសម្លាប់មនុស្សជាច្រើននាក់ដោយសម្ងាត់ គ្មានអ្នកណាម្នាក់អាចស្មានត្រូវឡើយ ។
យ៉ាងណាមិញ ប្រភពពុំបានបញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឲ្យប្ដីប្រពន្ធមួយគូខាងលើ សម្លាប់មនុស្សជាច្រើននាក់យ៉ាងនេះឡើយ តែចំពោះជនរងគ្រោះជានារីដែលទើបនឹងបាត់ខ្លួននោះ គឺត្រូវបានជនដៃដល់ដែលជាប្ដីបានរំលោភមុន និងសម្លាប់ជាក្រោយ ៕
សហការី KBN
ប្រភព៖ kapook