ភ្នំពេញ ៖ កាលពីវេលាម៉ោង១ និង៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ខណៈដែលប្រជាពលរដ្ឋកំពុងដេកលង់លក់ស្រូលក្នុងដំណេក ស្រាប់តែមានរថយន្តដឹកត្រីធុនធំ ១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកទម្លុះផ្ទះប្រជាពល១ខ្នងទាំងកំរោល បណ្តាលឲ្យម្ទាស់ផ្ទះភ្ញាក់ភិតភ័យស្ទើរតែព្រលឹងហោះចេញពីខ្លួន។


ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ស្ថិតសង្កាត់សំរោង ខណ្ឌព្រែក។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កហេតុនេះ ជារថយន្តដឹកត្រី ចំណុះ២តោន ពណ៌ស បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែក៏រេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកបង្គោលស្លាកយីហោ បាក់អស់ចំនួន ២ដើម ហើយបន្តទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋមួយខ្នងទៀត បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងខ្លាំង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ច តែសំណាងល្អ មិនបណ្តាលឲ្យមនុស្សណាម្នាក់ មានគ្រោះថ្នាក់ដល់អាយុជីវិតទេ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ យករថយន្តបង្កហេតុទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយជនរងគ្រោះម្ចាស់ផ្ទះតាមផ្លូវច្បាប់ ដែលភាគីរថយន្តបង្ក ប្រឈមមុខនឹងប្រាក់សំណងមិនតិចឡើយ៕