ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា កងរាជអាវុធហត្ថ នឹងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលដែលប្រឌិតព័ត៌មាន ថា នាយឧត្តមសេនីយ៍ សៅ សុខា និង នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បានផ្តាច់ខ្លួនចូលរដ្ឋាភិបាលជាតិខ្មែរនិរទេស ដឹកនាំដោយលោកសម សេរី ។


លោក អេង ហ៊ី សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ថា “កងរាជអាវុធហត្ថ បានឃើញការចុះផ្សាយនៅលើហ្វេសប៊ុក គណនីឈ្មោះ Som Sovon នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ប្រហែល៥ម៉ោងមុននេះ ដែលមានខ្លឹមសារថា “ថ្ងៃនេះ មេបញ្ជាការពីរូបទៀតហើយ គឺនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង ទទួលបន្ទុកការពារព្រំដែន បានផ្តាច់ខ្លួនចូលរដ្ឋាភិបាលជាតិខ្មែរនិរទេស ដឹកនាំដោយ លោក នាយករដ្ឋមន្ត្រី សម សេរី”។


លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការបដិសេធ និងថ្កោលទោសជាឱឡារិកចំពោះម្ចាស់គណនីឈ្មោះ Som Sovon ដែលបានបង្ហោះនូវព័ត៌មានក្លែងក្លាយ ប្រឌិត មូលបង្កាច់ ញុះញង់ ក្នុងន័យបំបែកបំបាក់សាមគ្គី ឯកភាពផ្ទៃក្នុងកងទ័ព។


អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តថា កងរាជអាវុធហត្ថ នឹងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសនេះជាដាច់ខាត ៕