ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត បាន អញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាលថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ និងប្រគល់ម៉ូតូជូនសិស្សជ័យលាភីនិទ្ទេស A ទូទាំងខេត្តព្រៃវែង ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមអរគុណដល់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដែលបានផ្ដល់ម៉ូតូ ដល់សិស្ស ដែលបានប្រឡងជាប់និទ្ទេស A និងលោកគ្រូ អ្នកគ្រូដែលបានខិតខំប្រឹងប្រែងបង្រៀនដល់សិស្សថ្នាក់ទី ១២ ដែលធ្វើឲ្យទទួលបាននូវជ័យលាភីនាពេលនេះ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា សូមផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់ត្រូវតែបន្តខិតខំរៀនសូត្របន្ថែមទៀតដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួង ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមក៏បន្តទៀតថា សូមប្អូនដែលជាសិស្សានុសិស្សជំនាន់ក្រោយទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីអោយក្លាយខ្លួនដូចជារៀមច្បងដែលបានប្រឡងជាប់និទ្ទេសខ្ពស់នាពេលនេះ និងសូមផ្ដាំផ្ញើដល់អាណាព្យាបាលសិស្សានុសិស្សទាំងអស់ត្រូវបន្តជំរុញលើកទឹកចិត្តដល់កូនៗរបស់ខ្លួន ដើម្បីឲ្យគាត់បានចូលរៀនគ្រប់ៗគ្នា ដើម្បីទទួលបាននូវចំណេះដឹងនឹងក្លាយខ្លួនទៅជាកុលបុត្រដែលមានចំណេះដឹងខ្ពស់ ជៀសឆ្ងាយពីគ្រឿងញាននិង ជួយពង្រឹងប្រទេសជាតិយើងឲ្យរីកចម្រើន អភិវឌ្ឍដូចប្រទេសជិតខាងនោះផងដែរ។

សូមបញ្ជាក់ថា៖ សម្រាប់ខេត្តព្រៃវែង សិស្សជាប់និទ្ទេស A ចំនួន ២៧នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ២៦នាក់ បានទទួលម៉ូតូម្នាក់ ១គ្រឿង ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ហើយក្នុងនោះដែរ ក៏បានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែងផងដែរ។