ប្រទេសជប៉ុន៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik នៅព្រឹក ថ្ងៃទី១៣ ខែតុលា ២០១៩នេះ បានបង្ហាញថា ចំនួនមនុស្សស្លាប់ដោយសារតែព្យុះទីហ្វុងដ៏កំណាចឈ្មោះ Hagibis នៅប្រទេសជប៉ុន បានកើនឡើងដល់១១នាក់ហើយ ខណៈពេលដែលមាន១៧នាក់ កំពុងបាត់ខ្លួននៅឡើយ ហើយចំណែកមនុស្សជាង១០០នាក់ផ្សេងទៀត បានរងរបួស ។

គួររំលឹកផងដែរថា ព្យុះទីហ្វុង Hagibis ដែលត្រូវបានគេចាត់ទុកថាជាព្យុះដ៏កំណាចបំផុត ក្នុងរយៈពេលជាង៦០ឆ្នាំនេះ កំពុងបក់បោក ទៅកាន់ឆ្នេរភាគខាងកើតនៃប្រទេសជប៉ុន ជាមួយល្បឿន២២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង បន្ទាប់ពីវាបានវាយប្រហារ លើតំបន់ដីគោក Izu ភាគអាគ្នេយ៍ទីក្រុងតូក្យូ កាលពីថ្ងៃសៅរ៍។ ព្យុះទីហ្វុង Hagibis ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី រីឯមធ្យោបាយធ្វើដំណើរនានា រួមទាំងជើងហោះហើរ នៅក្នុងស្រុកជាច្រើនត្រូវបានលុបចោល ឬផ្អាកជាបណ្ដោះអាសន្នផងដែរ។

បើតាមរបាយការណ៍ផ្សេងៗ មកទល់ពេលនេះ ផ្ទះច្រើនជាង២៧០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្ស រាប់លាននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ស្របពេលអាជ្ញាធរជប៉ុន កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរក មនុស្សបាត់ខ្លួន។ ព្យុះទីហ្វុង Hagibis ត្រូវបានគេរំពឹងថានឹងបក់បោកទៅកាន់តំបន់សមុទ្រ នៅថ្ងៃអាទិត្យនេះ៕

ប្រភព៖ Sputnik News