រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ តុលា ម្សិលមិញនេះ មានករណីដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដោយគេបានឃើញជនជាតិចិនម្នាក់ ទំនងជាលេងថ្នាំលើសកំរិត បែកថ្នាំស្លៀកតែលីអូ ដោះអាវហើយឡើងទៅលើអគារបំរុងលោតចុះមកក្រោម ធ្វើឲ្យមហាជនដែលនៅម្តុំនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែសំណាងណាស់បានសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ពេល មិនឲ្យលោតចុះមក ហើយឃាត់យកមកសួរនាំ ។

ក្រោយពីហេតុការណ៍នេះកើតឡើង បុរសជនជាតិចិនដែលប្រុងលោតសម្លាប់ខ្លួននោះ មិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួននោះឡើយ តែតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិចិនខាងលើ ឡើងទៅលើអគារផ្ទះល្វែងដែលមានកំពស់៣ជាន់ ហើយដោះអាវស្រាតខោទុកតែលីអូ បានយំស្រែកយ៉ាងខ្លាំង ហើយបម្រុងលោតចុះមកក្រោម ធ្វើឲ្យអ្នកឃើញហេតុការណ៍នាំគ្នាស្រែកពន្យល់ណែនាំ ជាពិសេសជនជាតិចិនដែលនៅម្តុំនោះ ហើយក៏បានត្រៀមពូកដើម្បីទ្រ ខ្លាចក្រែងបុរសនោះលោតមកមែន ។

ក្រោយពីការឃាត់ខ្លួនយកទៅសួរនាំរួច សមត្ថកិច្ចបានធ្វើការណែនាំ និងយកទៅអប់រំនៅមណ្ឌលកែប្រែ ដើម្បីបន្សាបគ្រឿងញៀនផងដែរ ហើយក៏សូមផ្តាំទៅយុវជនទាំងឡាយ សូមកុំមើលស្រាលលើគ្រឿងញៀនឲ្យសោះ ព្រោះវាបំផ្លាញជីវិតរបស់អ្នកបានគ្រប់ពេល ជាក់ស្តែងដូចបុរសខាងលើនេះអញ្ចឹង ៕