ភ្នំពេញ៖ ករណីមន្រ្តីសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ផឹកស៊ីស្រវឹង បានទាស់សម្ដីគ្នា រួចដកកាំភ្លើងគំរាមគ្នា បង្កឲ្យមានការផ្អើល កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវមាត់ទន្លេអូតែលសុខា កែងនឹងផ្លូវបេតុង ទល់មុខហាងផឹកស៊ីយីហោ «ប្អូនស្រី4141» សង្កាត់-ខណ្ឌជ្រោយចង្វារ ។


ភាគីជម្លោះមានឈ្មោះ ម៉ៅ ភេទប្រុស បានឈ្លោះជាមួយបុរស២នាក់៖ ទី១ឈ្មោះ ណេង និងទី២ឈ្មោះ រក្ស ដែលពួកគាត់អះអាងថា សុទ្ធតែជាកងកម្លាំងដូចគ្នា និងជាមិត្តភក្តិនឹងគ្នាទៀតផង ។
មុនកើតហេតុ បុរសឈ្មោះ ម៉ៅ កំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិបងប្អូន នៅក្នុងហាងកើតហេតុខាងលើ។ លុះពេលស្រវឹង ស្រាប់តែលេចមុខឈ្មោះ ណេង និងឈ្មោះ រក្ស រួមទាំងមេបញ្ជាការរងប៉េអឹមខណ្ឌជ្រោយចង្វាម្នាក់ទៀត ជិះរថយន្ដ១គ្រឿង ម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-3130 មកឈប់នៅមុខហាង ហើយបុរសឈ្មោះ ណេង បានចុះមករករឿងបុរសឈ្មោះ ម៉ៅ ថាបានលួចហៅខ្លួនថា «អា» ពីក្រោយខ្នង និងរំឭករឿងចែកលុយគ្នា បានម្នាក់៩០០ដុល្លារ ពីករណីដោះស្រាយរថយន្តអត់ពន្ធឲ្យគេ ដោយមានមេបញ្ជារការងអាវុធហត្ថខណ្ឌជ្រោយចង្វារ ជួយធ្វើជាសាក្សី។ តែបុរសឈ្មោះ ម៉ៅ ប្រកែកថា ខ្លួនមិនបានហៅបុរសឈ្មោះ ណេង នោះថា «អា» ទេ ហើយក៍មិនដែលបាននិយាយអីពីរឿងចែកលុយគ្នា បានម្នាក់៩០០ដុល្លារ ពីករណីដោះស្រាយរថយន្តអត់ពន្ធឲ្យគេនោះដែរ។ លុះឈ្លោះប្រកែកគ្នាទៅមកបានបន្តិច ក៍មានការ ប្រតាយប្រតប់គ្នា បោកកែវ និងទាញកៅអីរកវាយគ្នា ហើយចង់ដកអាវុធបាញ់គ្នាទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ចុះមកអន្តរាគមន៍។


ពេលនោះភាគីទាំងពីរ បានបើករថយន្តចេញរៀងៗខ្លួន ខណ:មកដល់ផ្លូវកែវចិន្តា ជិតនឹងអូតែលសុខា ស្រាប់តែភាគីទាំងពីរឈប់ឈ្លោះគ្នាម្តងទៀត បម្រុងនឹងដកកាំភ្លើងបាញ់គ្នា ដោយចោទប្រកាន់ពីរឿងបើករថយន្តកៀរគ្នាម្ដងទៀត ។ ពេលនោះសមត្ថកិច្ចមូលដ្ឋាន បានឲ្យភាគីទាំងពីរមកធ្វើការដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដោយភាគីខាងបុរសឈ្មោះ ណេង បានបើករថយន្តខ្លួនទៅប៉ុស្តិ៍នគរបាល ចំណែកភាគីខាងបុរសឈ្មោះ ម៉ៅ បានបើករថយន្តគេចខ្លួនបាត់៕