ខេត្តកំពង់ចាម ៖ ជនរងគ្រោះជាសិស្សម្នាក់ ខណៈជិះម៉ូតូចេញពីសាលារៀន ត្រឡប់មកផ្ទះវិញ ដល់ស្ងាត់ ត្រូវបានជនមិនស្គាល់មុខ វាយប្លន់យកម៉ូតូស្គូពី១គ្រឿងទៅបាត់ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងរូង ឃុំស្រង៉ែ ជាប់ព្រំប្រទល់ ឃុំសូសែន្យ ក្នុងស្រុកព្រៃឈរ ។
នារីរងគ្រោះ ឈ្មោះរឿន សុភាព អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំសូរ្យសែន ស្រុកព្រៃឈរ
ខេត្តកំពង់ចាម ។


នារីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី ពណ៌ស (គ្មានពន្ធ) លេខតួ និងម៉ាស៊ីនមិនចាំទេ ចេញពីសាលារៀន លុះមកដល់កន្លែងកើតហេតុ ជាកន្លែងស្ងាត់ គ្មានផ្ទះប្រជាពលរដ្ឋឡើយ ស្រាប់តែមានជនមិនស្គាល់មុខ អាយុប្រហែល៣០ឆ្នាំ រាងស្គម កម្ពស់ប្រហែល១.៦០ម៉ែត្រ ពាក់អាវសដៃវែង ស្លៀកខោជើងវែងពណ៌ខ្មៅ អង្គុយលើដៃស្ពាន នៅផ្លូវលំម្នាក់ឯង បានស្ទុះទៅវាយ និងច្រាននាងចូលក្នុងទឹកប្រឡាយទឹក រួចជិះម៉ូតូនាង យកទៅបាត់ ។


ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចេញពួនស្ទាក់តាមច្រកល្បៀងសំខាន់ៗ តែមិនប្រទះឃើញជនសង្ស័យខាងលើឡើយ ។ ចំណែក នារីរងគ្រោះមានរបួសបន្តិចបន្តួច ត្រូវក្រុមគ្រួសារបញ្ជូនទៅពេទ្យ ដើម្បីព្យាបាលរបួស ៕