ខេត្តព្រះវិហារ៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដឹកនាំកម្លាំងចុះបង្ក្រាបក្រុមញៀនល្បែងស៊ីសង អាប៉ោងបាន៤នាក់(ស្រីម្នាក់) និងម្ចាស់ផ្ទះម្នាក់ រកឃើញវត្ថុតាងសេពគ្រឿងញៀន១ចំនួនទៀត ។ ការចុះបង្រ្កាបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅជិតផ្សារទ្រី ភាព ក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ។


មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យញៀនល្បែងអាប៉ោង៤នាក់នោះ ទី១ឈ្មោះ លី កៃលៀង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ដកហូតបានប្រាក់១៨០៥០០រៀល និង១០ដុល្លារ ទូរស័ព្ទដៃ១គ្រឿង ម៉ូតូ១គ្រឿងពាក់ស្លាកលេខកពង់ធំ1F 2499 ។ ទី២ ឈ្មោះ អ៊ុ គុណ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំជាមួយជនសង្ស័យទី១ ដកហូតបានប្រាក់១៨៦០០០រៀល ទូរស័ព្ទដៃ១គ្រឿង ។ ទី៣ ឈ្មោះ ពាន ភេន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំជាមួយជនសង្ស័យទី១ និងទី២ ដកហូតបានប្រាក់ ១១០៣០០០រៀល ទូរស័ព្ទដៃ១គ្រឿង ខ្សែករផ្លាកទីន១ខ្សែ ។

ទី៤ ឈ្មោះ ធួន ណូ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដកហូតបានប្រាក់ ៥១០០០០រៀល និង៦៦០ដុល្លារ ទូរស័ព្ទដៃ១គ្រឿង និង ៥ស្ត្រីម្ចាស់ផ្ទះម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរ ដែលពាក់ព័ន្ធករណីមានសម្ភារៈជក់គ្រឿងញៀន ព្រមទាំងដកហូតបានម៉ូតូ២គ្រឿង ព្រមទាំងចានចាញ់អាប៉ោង១កំប្លេ ផងដែរ៕