រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បែកថ្នាំ ឡើងលើអគារផ្ទះល្វែងកម្ពស់៣ជាន់ ប៉ងលោតសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនជាតិចិនខាងលើ គរនៅមិនទាន់ស្គាល់ឈ្មោះនោះទេ ។


ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងគេឃើញជាជនជាតិចិនខាងលើ បានឡើងលើអគារផ្ទះល្វែងកម្ពស់៣ជាន់ ដោះអាវស្រាតខោចេញអស់ នៅសល់តែខោលីអូ ហើយយំស្រែក និងបម្រុងលោតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងមានជនជាតិចិនដូចគ្នា ជួយស្រែកពន្យល់ណែនាំ និងរៀបចំត្រៀមពូកនៅខាងក្រោម ការពារខ្លាចក្រែងជនជាតិចិននោះ លោតមកប៉ះពាល់ដល់អាយុជីវិត ។


បន្ទាប់មក កម្លាំងអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មកដល់ បានយកឧបករណ៍សង្គ្រោះ ហើយឡើងទៅចាប់ក្រៀកសង្រ្គោះជនជាតិចិននោះ ចុះមកក្រោម ដោយជោគជ័យ រួចបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធី និងបន្សាបគ្រឿងញៀន៕