រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យបែកថ្នាំ បានយកប្រេងកាតដុតផ្ទះយាយរបស់ខ្លួនឯង នៅជាន់ទី២ បណ្ដាលឲ្យឆេះសម្ភារៈក្នុងផ្ទះខ្ទេច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះល្វែងជាន់ទី២ តាមបណ្ដោយផ្លូវ១០៧ កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។


សមត្ថកិច្ចបានឲ្យដឹងថា បុរសបង្កហេតុ ឈ្មោះ ផុត យូណាម អាយុ២៧ឆ្នាំ មុខរបបសន្តិសុខឯកជន រស់នៅជាមួយលោកយាយ នៅផ្ទះកើតហេតុ។


បើតាមសម្ដីស្រ្តីជាលោកយាយរបស់ជនបង្ក បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គាត់ឃើញចៅប្រុសរបស់ខ្លួនមានអាការៈដូចជាបែកថ្នាំ ព្រោះចៅរបស់គាត់ធ្លាប់ប្រើប្រាស់សារធាតុញៀនជាប្រចាំ ហើយចៅរបស់គាត់បានប្រមូលខោអាវ ព្រមទាំងសម្ភារៈក្នុងផ្ទះមួយចំនួន រួចចាក់ប្រេងកាតដុតចោលតែម្ដង បណ្ដាលឲ្យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះប្រជាពលរដ្ឋរស់នៅជិតខាង ខ្លះយកទឹកមកជះពន្លត់ និងអ្នកខ្លះទៀតរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចឲ្យហៅរថយន្តពន្លត់ជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។


ករណីអគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង តែប្រើប្រាស់អស់ទឹក៨ឡាន ដោយប្រើពេលជាង១ម៉ោង ទើបភ្លើងរលត់ទៅវិញជាស្ថាពរ ។


តែយ៉ាងណា ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ជនបង្កបែកថ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី ៕