ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានផ្សំគំនិតគ្នា ធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋម្នាក់ បានសម្រេច ហើយបើករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១១២៥ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។ លុះមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង២២ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក៏ធ្វើការចាប់ក្របួចជនសង្ស័យជាប់នាំមកចាត់ការតាមផ្លូវច្បាប់។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ អ៊ុន សំរដ្ឋា បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA -0257 ទៅរកប្អូននៅចំណុចផ្ទះលេខ ១១២៥ ផ្លូវជាតិលេខ២ ភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលទៅដល់ជនរងគ្រោះបានចតម៉ូតូទុកនៅខាងមុខផ្ទះ រួចចូលទៅខាងក្នុងផ្ទះ ដោយពុំបានដកកូនសោចេញពីម៉ូតូ ហើយនៅពេលចេញពីក្នុងផ្ទះមករកម៉ូតូ ស្រាប់តែបាត់មិនឃើញ។ លុះមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការត្រួត ពិនិត្យអាវុធជាតិផ្ទះនៅចំណុចផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ស្រាប់តែឃើញ ជនសង្ស័យចំនួន០២នាក់ ឈ្មោះ វីន ត្រេន ,ឈ្មោះ ឆាង ធារ៉ា ហៅ ឃុត ពៅ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA 0257 (គ្មានកុងទ័រ,គ្មានគំរបជ័រសងខាង) មានការសង្ស័យក៏ឃាត់ត្រួតពិនិត្យធ្វើការសាកសួរ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ម៉ូតូដែលពួកគេជិះនេះ គឺបានលួចគេ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៩ម៉៣០នាទី នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ នៃអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅ បានប្រគល់ខ្លួនជនសង្ស័យទាំង០២នាក់ ខាងលើ និងវត្ថុតាង ម៉ូតូ០១គ្រឿង (ជាម៉ូតូរបស់ជនរងគ្រោះដែលបាត់) ឲ្យមកនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចាត់ការបន្តតាមនីតិវិធី ។
ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕