រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប
ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១២​នាក់ ជា​មុខសញ្ញា ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ។

ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​០១​រសៀល ថ្ងៃ​ទី​១១ តុលា ២០១៩ នេះ​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល សមត្ថកិច្ច​រក​ឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១២​នាក់​(​ស្រី​៣​នាក់​) រួម​និង​ដកហូត​សារធាតុ​ញៀន និង​សម្ភារ​ចែកចាយ​សារធាតុ​ញៀន​មួយ​ចំនួន រួម​មាន ៖ ក្រាម​សរ​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៩​កញ្ចប់​តូច​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១, ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​, ដាវ​កែ​ច្នែ​ចំនួន​០៣​ដើម​, ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១២​នាក់ និង​វត្ថុ​តាង ត្រូវ​បញ្ជូន​មក​អធិការ​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​តាម​នីតិវិធី ៕