ភ្នំពេញ៖ កាលពីវេលាម៉ោង១រសៀល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចដើមពោធិ៍ ឃ្លាំងស្តុបរថភ្លើង ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ។


សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ (ស្រី០២នាក់) រួមមាន៖ ទី១-ឈ្មោះសី លីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។ ទី២-ឈ្មោះជុំ ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្សារ៧មករា សង្កាត់បឹងកក២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។ ទី៣-ឈ្មោះអ៊ូ សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទាប់ជួល រោងច្រកឆ្នាំង សង្កាត់បឹងកក១ ខណ្ឌទួលគោក (ប្រើប្រាស់)។ ទី៤-ឈ្មោះហេង បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។ ទី៥-ឈ្មោះផាត ភាព ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងវត្តនាគវ័ន្ត មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។ ទី៦-ឈ្មោះវាត់ សំបូរ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។ ទី៧-ឈ្មោះប៊ាក ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។
ទី៨-ឈ្មោះផល កញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុនរបរមិនពិតប្រាកដ(ប្រើប្រាស់)។ និងទី៩-ឈ្មោះឈឹម ចន្ទតារ៉ាម៉ាលីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ១៦៣E២ ផ្លូវ១៣៦ ភូមិ៥០ សង្កាត់ផ្សារទី២ មុនរបរមិនពិតប្រាកដ (ប្រើប្រាស់)។


សមត្ថកិច្ចបន្តថា សមត្ថកិច្ចដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដាវកែច្នៃចំនួន០៣ដើម , ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។


ក្រុមជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕