ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ក្រោយពេលទៅជាប់គុកនៅកោះត្រឡាចបានប្រមាណ៤ខែ លោកគ្រូអាចារ្យហែម ចៀវ និង នួន ឌួង ធ្លាក់ខ្លួនមានជំងឺជាទម្ងន់។ លោកគ្រូអាចារ្យហែម ចៀវ មានរោគរាកមូល ឯនួន ឌួង មានជំងឺស្ពឹកដៃជើងត្រូវចាក់ថ្នាំច្រើនម្ជុល រហូតដល់អាប់សែនៅត្រង់ត្រកៀក ហើមប៉ោងធំ ត្រូវគ្រូពេទ្យវះយកខ្ទុះចេញ បណ្តាលឲ្យស្រែកឈឺចុកចាប់វេទនាបំផុត។
នៅពេលជំងឺរបស់់លោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង កាន់តែធ្ងន់ធ្ងរដុនដាបទៅៗ ឆ្មាំគុកក៏បញ្ជូនទៅដាក់នៅកន្លែងព្យាបាលជំងឺដែលនៅក្នុងបរិវេណកន្លែងឃុំឃាំងនោះដែរ។ ពេលនោះហើយ ដែលប៊ុណ្ណ ចន្ទម៉ុល មានឱកាសទៅសួរសុខទុក្ខលោកទាំង២ដោយផ្ទាល់។


គ្រាន់តែឃើញសភាពជំងឺភ្លាម ធ្វើឲ្យប៊ុណ្ណ ចន្ទម៉ុល អស់សង្ឃឹមទៅហើយ គាត់បានទាក់ទងកាប៉ូរ៉ាល់ និងអ្នកទោសម្នាក់ដែលគេឲ្យធ្វើជាអ្នកសម្អាតកន្លែងព្យាបាលជំងឺអ្នកទោស ឲ្យជួយមើលលោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង ផង ដោយបានលុយខ្លះទៅអ្នកទោសម្នាក់នោះផងដែរ។
លុយនោះ ប៊ុណ្ណ ចន្ទម៉ុល បានមកពីក្រុមគ្រួសារគាត់នៅភ្នំពេញ ផ្ញើមកឲ្យ៦០០រៀល តាមរយៈអ្នកបកប្រែភាសាម្នាក់ ឈ្មោះអង់ដ្រេ ដកម៉ៃ កាលពីប៉ុន្មានខែមុន។

លោក នួន ឌួង
លោក នួន ឌួង

មិនតែប៉ុណ្ណោះ ប៊ុណ្ណ ចន្ទម៉ុល បានផ្តាំផ្ញើ កាប៉ូរ៉ាល់ និងអ្នកទោសនោះទៀតថា បើអ្នកជំងឺទាំង២នាក់នេះស្លាប់ ពេលឲ្យគេយកទៅកប់ សូមមេត្តាកប់ឲ្យបានស្រួលបួលផង កុំកប់លាយឡំជាមួយខ្មោចអ្នកទោសផ្សេងទៀត។
ក្រោយមក ពេលឮដំណឹងថា លោកគ្រូអាចារ្យហែម ចៀវ បានទទួលមរណភាពហើយ ប៊ុណ្ណ ចន្ទម៉ុល ក៏ឆ្លៀតឱកាសទៅកាន់កន្លែងព្យាបាលជំងឺអ្នកទោសនោះជាថ្មីម្តងទៀតឃើញ លោកនួន ឌួង។ ពេលនោះ នួន ឌួង ខ្សឹកខ្សួលអួលដើមកប្រាប់ប៊ុណ្ណ ចន្ទម៉ុល ថា លោកគ្រូអាចារ្យហែម ចៀវ បានខូច(ស្លាប់)កាលពីម្សិលមិញទៅហើយ។ សពលោកគ្រូអាចារ្យ ត្រូវគេរុំក្រមា និងកន្ទេលស្អាតបាត និងមានចងខ្សែត្រឹមត្រូវ ដាក់រទេះរុញយកទៅបញ្ចុះហើយ។


បន្តិចក្រោយមក ប៊ុណ្ណ ចន្ទម៉ុល ក៏សុំឲ្យកាប៉ូរ៉ាលដែលនៅកន្លែងព្យាបាលនោះ ជួយនាំគាត់ទៅមើលផ្នូរលោកគ្រូអាចារ្យហែម ចៀវ ដែលស្ថិតនៅលើវាលខ្សាច់ដ៏ធំមួយមានផ្នូររាប់ពាន់។ នៅមុខផ្នូរលោកគ្រូអាចារ្យហែម ចៀវ មានស្លាកបន្ទះក្តារតូចមួយសរសេរលេខ១១១៣ ។ លុះ២-៣ ថ្ងៃក្រោយមក ប៊ុណ្ណ ចន្ទម៉ុល ក៏នាំមិត្តភក្តិជាអ្នកទោសដូចគ្នា៣នាក់ទៀតទៅមើលផ្នូរនោះ និងបានយកដុំធំៗជាង២០ដុំ ទៅដាក់លើផ្នូរនោះ ដើម្បីទុកជាសញ្ញាសម្គាល់ទៅថ្ងៃក្រោយ ទៀតផង។

លោក ប៊ុណ្ណ ចន្ទម៉ុល កាលជាប់គុកនៅកោះត្រឡាច
លោក ប៊ុណ្ណ ចន្ទម៉ុល កាលជាប់គុកនៅកោះត្រឡាច

លុះមកដល់របបសាធារណរដ្ឋខ្មែរ ក្នុងឆ្នាំ១៩៧២ សេនាប្រមុខលន់ នល់ បានបញ្ជាឲ្យ ប៊ុណ្ណ ចន្ទម៉ុល ទាក់ទងទៅអាជ្ញាធរវៀតណាមខាងត្បួង ជិះឧទ្ធម្ភាគចក្រទៅយកអដ្ធិធាតុលោកគ្រូអាចារ្យហែម ចៀវ ពីកោះត្រឡាច មកធ្វើពិធីបូជាតាមប្រពៃណីព្រះពុទ្ធសាសនា នៅលើទីធ្លាសួនច្បារមុខវត្តឧណ្ណាលោម យ៉ាងអធិកអធម ហើយ សឺង ង៉ុកថាញ់ ដែលពេលនោះជារដ្ឋមន្រ្តីទី១ (នាយករដ្ឋមន្រ្តី) ក៍បានចូលរួមដែរ ។ តែកាលនោះ ក៍មានកាសែតមួយចំនួនបានសសរសេររិះគន់ថា អដ្ធិធាតុនោះមិនច្បាស់ថាជារបស់អដ្ធិធាតុលោកគ្រូអាចារ្យហែម ចៀវ នោះទេ ប៊ុណ្ណ ចន្ទម៉ុល អាចយកឆ្អឹងអ្នកទោសណាផ្សេងទៀត ក៍អាចថាបាន ។ ប៊ុណ្ណ ចន្ទម៉ុល បានឡើងប្រកាសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ ដោយយំស្រែកខឹងនឹងកាសែតដែលបានសសរសេររិះគន់ផងដែរ ថា អដ្ធិធាតុនោះច្បាស់ជារបស់អដ្ធិធាតុលោកគ្រូអាចារ្យហែម ចៀវ ពិតប្រាកដមែន ព្រោះកាលនោះ គាត់បាននាំមិត្តភក្តិជាអ្នកទោសដូចគ្នា៣នាក់ទៀតទៅមើលផ្នូរនោះ និងបានយកដុំធំៗជាង២០ដុំ ទៅដាក់លើផ្នូរនោះ ដើម្បីទុកជាសញ្ញាសម្គាល់ទៀតផង ម៉េចក៍មានអ្នកខ្លះចោទប្រកាន់ថា គាត់ទៅយកឆ្អឹងអ្នកទោសណាផ្សេងទៀត ទៅវិញ ? ៕

រូបសំណាក អ្នកទោសនៅកោះត្រឡាច
រូបសំណាក អ្នកទោសនៅកោះត្រឡាច