ភ្នំពេញ៖ លោកធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានបើកវសនាការកាត់ទោសជនសង្ស័យអតីតប៉ូលិសអន្តរាគមន៍ម្នាក់ និងបក្ខពួកប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ ចំនួន២លើក។
ក្រុមជនសង្ស័យ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ។


លោកស្រី កែវ សុគន្ធា តំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់ ៖
-ករណីទី១៖ ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អតីតប៉ូលិសអន្តរាគមន៍,ឈ្មោះ ផេង យុទ្ធនា ភេទប្រុស, ឈ្មោះ ស៊ន់ សេរីវិចិត្រ និងឈ្មោះ ហៀង ស្រីដែត ភេទស្រី ពីបទ លួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ក្នុងអំពើប្លន់យកម៉ូតូ ZOOMER X ពីជនរងគ្រោះនៅក្នុងទឹកដីសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។


-ករណីទី២៖ ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អតីតប៉ូលិសអន្តរាគមន៍,ឈ្មោះ ផេង យុទ្ធនា ភេទប្រុស និងឈ្មោះ គង់ សុវណ្ណ ភេទប្រុស បទលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្នុងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងហាងអ៊ីនធឺណេតមួយកន្លែងនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។


នៅក្នុងសវនាការក្រុមជនជាប់ចោទ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការពិតប្រាកដមែន។
ក្រោយបញ្ចប់ការសាកសួរដេញដោល តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងទាំង២នេះ ទៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ខាងមុខ៕