ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកគូទរថយន្តកុងតឺន័រ ដែលកំពុងឈប់នៅភ្លើងស្តុបពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល មិនដឹងមូលហេតុអ្វី ស្រាប់តែរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ? ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃព្រហស្បត៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ៣៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សពជនរងគ្រោះមានឈ្មោះ គឹម សីហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបធ្វើការក្នុងតារាងបាល់ទាត់នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ស្នាក់នៅភូមិជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើត នៅភូមិអូរប៉ិះ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ រីឯម្នាក់ដែលរងរបួសស្រាលឈ្មោះ ពាង ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក អចលណះទ្រព្យ ស្នាក់នៅផ្ទះលេខ61E1 ផ្លូវ63 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។


ចំណែកអ្នកបើករថយន្ត ឈ្មោះ ភាព រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅកំពង់ផែកែវផុស រស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានស្រុកកំណើតនៅភូមិពង្រ សង្កាត់កណ្តាលដុំក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ខាងលើ ជិះម៉ូតូនិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CU- 4351 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តកុងតឺន័រ ដែលកំពុងឈប់នៅភ្លើងស្តុប មានក្បាលពណ៌លឿង ពាក់ស្លាកលេខព្រះស៊ីហនុ4A 2349 ទិសដៅស្របគ្នា ចំពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល មិនដឹងមូលហេតុអ្វី ស្រាប់តែរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ?។

ក្រោយពេលកើតហេតុ រថយន្តកុងតឺន័រ ព្យាយាមបើករត់គេចតាមបណ្ដោយផ្លូវ៣៧១ បានប្រមាណ២០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់បានរថយន្ត រួមទាំងអ្នកបើកបរ បញ្ជូនទៅប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីរង់ចាំ
ទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង និងយករថយន្តព្រមទាំងអ្នកបើកបរទៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លវច្បាប់ ៕