ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ ខណៈជិះម៉ូតូដឹកកូនតូចចេញពីកម្មវិធីខួបកំណើតបងប្អូន ក៏បានទាក់ដៃចង្កូតម៉ូតូ ជាមួយបុរស១ក្រុម មានគ្នា៣នាក់ ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតក្លាយជាអំពើហិង្សាវាយតបគ្នា បណ្តាលឲ្យនារីជាប្រពន្ធ រងរបួសពកក្បាល ចំណែកបុរសជាប្តីបែកក្បាល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍។
ករណីអំពើហិង្សានេះ បានកើតទ្បើង កាលពីវេលាម៉ោង២ និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុម: តាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ១៦០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។


ជនរងគ្រោះឈ្មោះ ឃឹម រឿន អាយុ៣០ឆ្នាំ ជាអ្នកដឹកជញ្ជូនម្ហូបអាហារ ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ និងប្រពន្ធ រួមទាំងកូន បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GM-3555 ចេញមកពីកម្មវិធីខួបកំណើតបងប្អូន នៅខាងក្រោយវិទ្យាល័យជាស៊ីមសាមគ្គី បំណងជិះត្រឡប់ទៅផ្ទះវិញ។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-2420 ជិះគ្នា៣នាក់ មកវ៉េជែងឆាបម៉ូតូរបស់គាត់ ខណៈនោះគាត់ បានស្រែកសួរថា «បងឯងជិះម៉ូតូអ៊ឹចឹង អត់មើលខ្ញុំដឹកកូនតូច អត់ខ្លាចមានគ្រោះថ្នាក់ដល់ពួកខ្ញុំទេអី» ។ ពេលនោះ ស្រាប់តែក្រុមជនបង្ក ក៏បានជិះម៉ូតូស្ទាក់ពីមុខម៉ូតូរបស់គាត់ និងស្រែកថា «ស្អីហា» ហើយក៏បាននាំគ្នាយកមួកសុវត្ថិភាពវាយមកលើរូបគាត់ និងប្រពន្ធរបស់គាត់ បណ្តាលឲ្យរងរបួសតែម្តង។


ដោយឡែក បុរសឈ្មោះ ហែម ម៊ុន អាយុ២៧ ឆ្នាំ មុខរបរជាចុងភៅ ដែលរងការចោទប្រកាន់ជាអ្នកបង្កហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូស្របទិសគ្នា ជាមួយជនរងគ្រោះខាងលើ។ ស្រាប់តែជនរងគ្រោះស្រែកជេរបក្ខពួករបស់គាត់ ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នា រហូតមានវាយតបគ្នាទៅវិញទៅមក ហើយក៏មានប្រជាពលរដ្ឋ មកធ្វើការឃាត់ និងវាយរូបគាត់ បណ្តាលឲ្យហើមភ្នែកតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះអន្តរាគមន៍ នាំភាគីពីរទៅធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២៕