ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះបានជូនដំណឹងអំពីស្ថានភាពអាកាសធាតុ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងជាបន្តបន្ទាប់ ដោយលាយឡំជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សេចក្តីជូនដំណឹង បានបន្ថែមថា កម្រិតសម្ពាធទាប នៅតែបន្តគ្របដណ្តប់លើកម្ពុជា និងឥទ្ធិពល នៃខ្យល់សមុទ្រចិនខាងត្បូង ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យ៖

១- នៅថ្ងៃ ទី១២-១៥ ខែតុលា តំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងនៅថ្ងៃទី១៦-១៨ ខែតុលា នឹងអាចមានភ្លៀងធ្លាក់តិចទៅបង្គួរ ដោយក្នុងនោះផ្នែកខ្លះមានភ្លៀងច្រើនដោយអន្លើ។

២-តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

៣-តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីតិច។

ក្នុងនោះផងដែរក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពើរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើង ជាពិសេសនៅតាមបណ្តាខេត្តក្នុងតំបន់វាលទំនាប៕