ហ្សាការតា៖ តាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា រឿងរ៉ាវដែលបង្ករឲ្យមានការភ្ញាក់ផ្អើលមួយទៅលើរដ្ឋមន្រ្តីសន្តិសុខឥណ្ឌូណេស៊ីនេះ ដោយបុរសម្នាក់ប្រដាប់ដោយកាំបិតក្នុងដៃ បានប៉ុនប៉ងចាក់រដ្ឋមន្រ្តីសន្តិសុខឥណ្ឌូណេស៊ី លោក វីរ៉ាន់តូ (Wiranto) ខណៈដែលលោកកំពុងបំពេញទស្សនកិច្ចនៅក្រុង ផាន់ដេកឡាន (Pandeglang) ក្នុងខេត្តបានធិន (Banten) នៃកោះជ្វា។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កំឡុងពេលដែលលោក Wiranto ចុះពីលើរថយន្តបម្រុងនឹងឡើងឧទ្ធម្ភាគចក្រមកកាន់រដ្ឋធានីហ្សាការតា។ ប៉ុន្តែសំណាងល្អ អង្គរក្ស ឬអាចជាជំនួយការរបស់លោក Wiranto បានបញ្ឈប់សកម្មភាពជនដៃដល់ទាន់ពេលវេលា ប៉ុន្តែក៏បានទទួលរងរបួសផងដែរ។ ដោយឡែកលោក Winranto ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរូបលោកបានដួលទៅលើដី នៅពេលមានការប្រទាញប្រទង់គ្នា។

គួរជម្រាបថា អាជ្ញាធរឥណ្ឌូណេស៊ីបានឃាត់ខ្លួនបុរសខាងលើ រួមជាមួយជនសង្ស័យម្នាក់ទៀតដែលជាស្រ្តី និងកំពុងស៊ើបអង្កេតថា តើពួកគេបានទទួលឥទ្ធិពលមនោគមន៍វិជ្ជានៃពួកភេរវករ ISIS ឬយ៉ាងណា។ លោក Wiranto អាយុ ៧២ឆ្នាំ បានកាន់តំណែងជារដ្ឋមន្រ្តីសន្តិសុខជាតិ នៅក្នុងគណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ចាប់តាំងតែពីឆ្នាំ២០១៦ មកម្ល៉េះ៕