ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៥៦គ្រួសារ រស់នៅក្នុងភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ បាននាំគ្នាកើតទុក្ខមិនសុខចិត្ត ស្វែងរកអន្តរាគមន៍ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋ-ព្រឹទ្ធសភា និងអធិការកិច្ច សុំបើកផ្លូវសាធារណៈ និងផ្លូវឌឿងហែម។ ក្រោយពីលោកមាស ណារិទ្ធ និងបក្ខពួក ឃុបឃិតជាមួយមន្ត្រីសុរិយោដី កែប្លង់ទីតាំងដីរំលោភផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិឯកជនខ្លួន។


យោងតាមលិខិតដែលពលរដ្ឋចំនួន៥៦គ្រួសារ ដែលដាក់ជូន សុំអន្តរាគមន៍ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋ-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មានខ្លឹមសារថា ៖
កម្មវត្ថុ៖ ១- សុំណើសុំសេចក្តីសម្រេចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ដើម្បីដកហូតក្បាលដីចំនួន៥២ក្បាលដី និងលុបក្បាលដីលើផ្លូវសាធារណៈ និងផ្លូវឌឿងហែម និងលប់អ្នកមានឈ្មោះលើផ្លូវសាធារណៈ និងផ្លូវឌឿងហែម ចេញពីសៀវភៅគោលបញ្ជីដីធ្លី មានដូចខាងក្រោម ព្រមទាំងក្បាលដីផ្សេងៗទៀតដែលនៅចំលើផ្លូវសាធារណៈទាំងអស់៖ ៣៩៤២,៣៩៥៨,៣៨៦៥,៣៨៥៧,៣៨១៤,៣៨១២,៣៧៦៣,៤០៦១,៤០៦២,៣៧១៤,៣៧១៣,៤០៦៣,៤០៦៤,៣៩០៧,៣៥៤៤,៣៥៤៣,៣៨៧០,៣៩០៥,៣២៧៨,៣៩០៨,៣២៤០,៣៨៩៦,៣៦៧១,៤១១៤,៣៩១៨,៣៤១៩,៣៩០៦,៣៩០៧,៣៥៧២,៣៩២៤,៣៩២៥,៤០៧៨,៤០៧៩,៤០៨១,៣៥៧៦,៣៤២៣,៤០៥៨,៤០៥៩,៤០៦០,៣៥៦៨,៣៥៦៧,២៩៧០,៤១១៥,៤០៦៦,៤០៦៥,៣៥៥៤,៣៥៦៦,៣៨០១,៣៨៤៧,៣៩៥៦,៣៩៥៧ និង៣៩០៩ ទុកសម្រាប់ផ្លូវសាធារណៈ និងផ្លូវឌឿងហែម ដូចមុនដដែល ដីនេះ មានទីតាំងក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិតផ្សារអ៊ីអន២ (Aeon 2 ) នៅតំបន់អភិវឌ្ឍន៍ មាស ណារិទ្ធ។
២-សំណើសុំមេត្តាធ្វើអធិការកិច្ច ទៅលើមន្រ្ដី ៤រូប៖
-លោកលូ វន្នី អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានយកផ្លូវសាធារណៈ និងផ្លូវឌឿងហែម មានក្បាលដីលេខៈ ៣៩៤២ និង៣៩៥៨ ជាមួយក្រុមគ្រួសារ។
-លោកប៉ាយ ប៉ូលី អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានយកផ្លូវសាធារណៈ មានក្បាលដីលេខៈ ៣៩៥៧។
-លោកតុប វណ្ណៈ ជាក្មួយប្រសាមាស ណារិទ្ធ ជាមន្រ្ដីការិយាល័យបច្ចេកទេស សុរិយោដី និងភូមិសាស្រ្ដ ជាអ្នកវាស់វែងកែប្រែប្លង់ទីតាំងដីជាថ្មី នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានយកផ្លូវសាធារណៈ មានក្បាលដីលេខៈ ៣៨៤៧។
-លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានទុកសំណុំរឿងពុំដោះស្រាយ និងចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋក្នុង QR Code គ្មានទំហំដី, គ្មានប្លង់បង្ហាញទីតាំងដី, គ្មានព័ត៌មានអត្តសញ្ញាណប័ណ្ណ។
យោង៖ – ដីកាបញ្ជូនលេខៈ ៤៤៧ ខន/០១៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ របស់ខុន្ទកាល័ យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
-អភិក្រមទី៥ វះកាត់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។
-ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៤៩គ្រួសារ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។
-ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៥៩គ្រួសារ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ និងចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ទៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានភ្នំពេញ។
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំទាំងអស់គ្នាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមគោរពជម្រាបជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្ដី មេត្តាជ្រាបថា៖

 

-នៅក្នុងឆ្នាំ២០០២ លោកមាស ណារិទ្ធ បានពុះដីឡូតិ៍លក់ចំនួនជាង ១០០០ក្បាលដី នៅក្នុងតំបន់អភិវឌ្ឍន៍ មាស ណារិទ្ធ ដោយលោកមាស ណារិទ្ធ ខ្លួនឯង បានស្នើសុំទៅក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ហើយមានការឯកភាពចុះហត្ថលេខាពីឯកឧត្តម អ៊ឹម ឈុនលឹម រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០០៣ លើប្លង់ទីតាំងដីមានផ្លូវខ្វាត់ខ្វែង។ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជាង១៦ឆ្នាំ ចាប់តាំងពីគាត់ពុះដីឡូតិ៍លក់នោះ គឺមានប្រជាពលរដ្ឋបានទិញដីជាង១០០គ្រួសារ និងមានកម្មកររស់នៅ ជាង១០០០នាក់ នៅទីនោះ។

ក្រោយមក ប្រជាពលរដ្ឋខ្លះក៏បានធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ និងប្រជាពលរដ្ឋមួយចំនួនទៀត ក៏បានធ្វើលិខិតផ្ទេរកម្មសិទ្ធិពីសង្កាត់ដល់សាលាខណ្ឌ ហៅថាប្លង់ទន់ ហើយដីដែលប្រជាពលរដ្ឋបានទិញនោះ សុទ្ធតែមានផ្លូវសាធារណៈ និងផ្លូវឌឿងហែមខ្វាត់ខ្វែង តាំងពីប្រជាពលរដ្ឋបានទិញដីនេះមក បានគ្រប់គ្រងកាន់កាប់ប្រើប្រាស់ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ហើយលោកមាស ណារិទ្ធ ក៏មិនដែលទាមទារយកផ្លូវសាធារណៈ និងផ្លូវឌឿងហែម ធ្វើជាកម្មសិទ្ធិរបស់ខ្លួនដែរ។ ម្យ៉ាងវិញទៀត រដ្ឋក៏បានចុះធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ នៅក្នុងឆ្នាំ២០០៤ រួចរដ្ឋក៏បានចែងប័ណ្ណប្រព័ន្ធ នៅក្នុងឆ្នាំ២០០៤ រួចរដ្ឋក៏បានចែងប័ណ្ណកម្មសិទ្ធិជាប័ណ្ណប្រព័ន្ធម្ដងរួចហើយ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ សុទ្ធតែដីជាប់នឹងផ្លូវសាធារណៈ និងផ្លូវឌឿងហែម។ ក៏ប៉ុន្តែនៅជិតតំបន់នោះមានការបង្កើត បុរីពិភពថ្មី , ផ្សារAeon 2, ផ្សារម៉ាក្រូ, ផ្សារGloble House និងបុរីជិបម៉ុង ធ្វើឲ្យដីនៅក្នុងតំបន់អភិវឌ្ឍន៍ មាស ណារិទ្ធ ឡើងថ្លៃ នៅពេលនោះហើយ ទើបឈ្មោះមាស ណារិទ្ធ ព្រមទាំងក្រុមគ្រួសារ និងបក្ខពួករបស់គាត់ ក៏បានកែប្រែប្លង់ទីតាំងរំលោភយកផ្លូវសាធារណៈ និងផ្លូវឌឿងហែម ធ្វើជាកម្មសិទិ្ធឯកជនរបស់ខ្លួន។


-ស្រាប់តែក្នុងឆ្នាំ២០១៨ នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ តម្រូវឲ្យប្រជាពលរដ្ឋចុះបញ្ជីក្បាលដីធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធម្ដងទៀត តាមការស្នើសុំពីឈ្មោះមាស ណារិទ្ធ និងបក្ខពួករបស់ខ្លួន។ បន្ទាប់មកទៀតមានការបិទប្រកាសនៅថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ឲ្យប្រជាពលរដ្ឋមានក្បាលដីមកកែតម្រូវក្បាលដី ឬជំទាស់ក្នុងករណីប៉ះពាល់ផលប្រយោជន៍របស់ខ្លួន។ នៅពេលដែលប្រជាពលរដ្ឋ មកផ្ទៀងផ្ទាត់ក្បាលដី ស្រាប់តែឃើញផ្លូវសាធារណៈ និងផ្លូវឌឿងហែម មានលេខក្បាលដី និងមានឈ្មោះមាស ណារិទ្ធ ព្រមទាំងក្រុមគ្រួសារ និងបក្ខពួករបស់គាត់ចំនួន១៤គ្រួសារ។ ជាពិសេស មានមន្រ្ដីសុរិយោដី និងភូមិបាល ខណ្ឌសែនសុខ បានចុះឈ្មោះយកដីផ្លូវសាធារណៈ និងផ្លូវឌឿងហែម ធ្វើជាកម្មសិទ្ធិរបស់ខ្លួនមាន ៖ ១-ឈ្មោះលូ វន្នី អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានយកផ្លូវសាធារណៈ និងផ្លូវឌឿងហែម មានក្បាលដីលេខៈ ៣៩៤២ និង៣៩៥៨ ជាមួយក្រុមគ្រួសារឈ្មោះហឿង គង្គាសម្បត្តិ, លូ វន្នីដា និងអ៊ាម ណារី, ២-ឈ្មោះប៉ោយ ប៉ូលី ជាអនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានយកផ្លូវសាធារណៈ មានក្បាលដីលេខៈ ៣៩៥៧, ៣-ឈ្មោះតុប វណ្ណៈ ជាក្មួយប្រសា មាស ណារិទ្ធ ជាមន្ដ្រីការិយាល័យបច្ចេសសុរិយោដី និងភូមិសាស្រ្ដ ជាអ្នកវាស់វែងកែតម្រូវប្លង់ជាថ្មី នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានយកផ្លូវសាធារណៈ មានក្បាលលេខៈ ៣៨៤៧ និងឈ្មោះឈៀង រចនា និងប្រពន្ធឈ្មោះណាវ វិច្ឆិកា យកផ្លូវសាធារណៈ មានក្បាលដីលេខៈ ៣៩៥៦ ជាអ្នករៀបចំឯកសាររត់ការឲ្យឈ្មោះមាស ណារិទ្ធ។

នៅពេលបិទប្រកាសផ្សព្វផ្សាយ យើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់បានកែតម្រូវ និងប្ដឹងជំទាស់នៅទីកន្លែងបិទប្រកាស ប្ដឹងទៅមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោ នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ និងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ប្ដឹងទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ និងទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ពុំទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធចេញមុខដោះស្រាយនៅឡើយ។ ម្យ៉ាងវិញទៀត យើងខ្ញុំទាំងអស់គ្នាបានទៅជួបលោកសារិន វណ្ណា ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ នៅការិយាល័យរបស់គាត់ ដែលជាអ្នកដោះស្រាយរឿងនេះ គឺលោកសារិន វណ្ណា បានឆ្លើយដោះសាររហូតមិនព្រមដោះស្រាយលុបចោលលេខក្បាលដីលើផ្លូវសាធារណៈ និងផ្លូវឌឿងហែម និងមិនព្រមលុបអ្នកដែលមានឈ្មោះនៅលើផ្លូវសាធារណៈ និងផ្លូវឌឿងហែម ចេញពីសៀវភៅគោលបញ្ជីដីធ្លី ហើយបានចេញវិញ្ញាណបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅមានលេខលើក្បាលដី និងមានឈ្មោះនៅលើផ្លូវសាធារណៈ និងផ្លូវឌឿងហែម ដដែល រួចក្នុង QR Code គ្មានទំហំ គ្មានប្លង់បង្ហាញទីតាំងដី , គ្មានព័ត៌មានអត្តសញ្ញាណប័ណ្ណ។

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល យើងខ្ញុំប្រជាពលរដ្ឋបានទៅជួបលោកសារិន វណ្ណា នៅការិយាល័យម្ដងទៀត ដោយយើងខ្ញុំទាំងអស់គ្នាសុំឲ្យគាត់ដោះស្រាយផ្លូវសាធារណៈឲ្យបានឆាប់។ ពេលនោះលោកសារិន វណ្ណា គាត់បានទូរស័ព្ទសុំគោលការណ៍ទៅថ្នាក់លើ ដោយបើកសំឡេងលឺៗ (speaker) ឲ្យប្រជាពលរដ្ឋបានស្ដាប់ទៅលើលោកសួន សុផា ជាអគ្គនាយករងទទួលបន្ទុកដោះស្រាយនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ បានបង្គាប់ឲ្យលោកសារិន វណ្ណា ធ្វើកំណត់ហេតុដកក្បាលដី និងលុបអ្នកមានឈ្មោះលើផ្លូវសាធារណៈ និងផ្លូវឌឿងហែម ចេញពីសៀវភៅបញ្ជីដីធ្លី រួចឲ្យប្រជាពលរដ្ឋយោងកំណត់ហេតុនេះ ហើយឲ្យដកពាក្យបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់ ដើម្បីពន្លត់បណ្ដឹង ទើបចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបាន។ ក៏ប៉ុន្តែនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល ប្រជាពលរដ្ឋបានទៅជួបគាត់ម្ដងទៀត បែរជាលោកសារិន វណ្ណា ឲ្យប្រជាពលរដ្ឋដកពាក្យបណ្ដឹង ដោយយោងតាមការប្រកាសសារព័ត៌មាន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ដែលជាលិខិតប្រកាសផ្អាកការចេញប័ណ្ណកម្មសិទ្ធិជាបណ្ដោះអាសន្ន មិនមែនជាកំណត់ហេតុដូចជម្រាបខាងលើ តាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឡើយ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមលោកជំទាវកិត្ដិសង្គបណ្ឌិត ឧបនាយករដ្ឋមន្រ្ដី មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ ដើម្បីរក្សាផ្លូវសាធារណៈ និងផ្លូវឌឿងហែម ដូចដើមវិញសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមការស្នើសុំដូចមានចែងក្នុងកម្មវត្ថុខាងលើ ដោយក្ដីអនុគ្រោះ»។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» មិនអាចសុំការបកស្រាយពីលោកមាស ណារិទ្ធ និងអ្នកពាក់ព័ន្ធបានទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕