ខេត្តកំពត៖ លោកង៉ែត សាង អាយុ៤៩ឆ្នាំ និងអ្នកស្រីទូច អឹក អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានអះអាងថា កូនប្រុសគាត់មិនមែនជាអ្នកបើកបររថយន្តបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់៣នាក់នោះទេ ហេតុអ្វីបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកូនប្រុសគាត់យកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះសីហនុ ទៅវិញ។


ប្តីប្រពន្ធខាងលើ បានឲ្យដឹងថា កូនប្រុសគាត់ មានឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបររត់តាក់ស៊ី នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានបើករថយន្តម៉ាក STAREX ពណ៌ស ពាក់ស្លាកលេខ កំពត2B-4216 (រថយន្តឈ្នួល) បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែង។


ប្តីប្រពន្ធខាងលើបន្តថា ក្នុងហេតុការណ៍នោះ កូនប្រុសគាត់មិនមានជាអ្នកបង្កហេតុទេ ពោលគឺកូនប្រុសគាត់បានបើករថយន្តវ៉ាជែងផុតទៅហើយ តែមកពីរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1142 បើកបរបញ្ច្រាសទិសគ្នាបែកកង់ ហើយបានរេចង្កូតមកបុករថយន្តកូនប្រុសគាត់ ហើយបន្តទៅបុករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេ ខ ភ្នំពេញ 3D-0144 ទើបបង្កមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សស្លាប់៣នាក់ ក្នុងនោះ អ្នកដំណើរជិះនៅក្នុងរថយន្តកូនប្រុសគាត់ចំនួន២នាក់ គឺមានឈ្មោះឃីយ ភេទប្រុស អាយុ១៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះជីប បៀ ភេទប្រុស អាយុ២០ឆ្នាំ ។ ជនរងគ្រោះ ទាំង២នាក់រស់នៅក្នុងឃុំល្បើក ជាមួយនឹងពួកគាត់ដែរ។
ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះទាំង២ បានទាមទារសំណងពីគាត់ក្នុងម្នាក់ចំនួន២៣០០ដុល្លារ ហើយប្តីប្រពន្ធគាត់ ក៏បានព្រមព្រៀងប្រគល់ប្រាក់សំណងនេះ ដល់ក្រុមគ្រួសារជនរងគ្រោះដែរ ប៉ុន្តែអ្វីដែលប្តីប្រពន្ធពួកគាត់ងឿងឆ្ងល់នោះ គឺខាងសមត្ថកិច្ច មិនព្រមដោះលែងកូនប្រុសគាត់ឲ្យមានសេរីភាពវិញ បែរជានាំកូនប្រុសគាត់ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ទៅវិញ បើគិតមកដល់ថ្ងៃទី១០ ខែតុលា នេះ មិនទាន់ដោះលែងទេ។


ពួកគាត់ បញ្ជាក់ថា រថយន្តបង្កហេតុពិតប្រាកដក គឺរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1142 ដែលបែកកង់រេចង្កូតមកបុករថយន្តកូនប្រុសគាត់ និងរថយន្ត១គ្រឿងទៀត ហេតុអីខាងសមត្ថកិច្ច មិនហៅម្ចាស់រថយន្តបង្កហេតុពិតប្រាកដនោះមកដោះ និងឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ បែរជាមកទម្លាក់កំហុសលើកូនប្រុសរបស់គាត់តែម្នាក់ វាដូចជាអយុត្តិធម៌ពេកហើយ ។ តាមពិតទៅ ប្តីប្រពន្ធពួកគាត់មិនចង់វែកញែក និងនាំឲ្យមានរឿងវែងឆ្ងាយអ្វីទេ គឺសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជួយរកយុតិ្តធម៌ដល់កូនប្រុសគាត់ ដោះលែងកូនប្រុសគាត់ឲ្យបាននៅក្រៅឃុំ និងប្រគល់រថយន្តគាត់មកវិញ ដើម្បីយកទៅជួសជុល មកប្រកបរបរចិញ្ចឹមជីវិតបន្តទៀត។


សូមបញ្ជាក់ថា កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត៣គ្រឿងបុកគ្នា គឺរថយន្តរត់តាក់ស៊ី១គ្រឿង រថយន្តដឹកថ្ម១គ្រឿង និងរថយន្តដឹកខ្សាច់១គ្រឿង នៅផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់នៅនឹងកន្លែង។
យោងតាមរបាយការណ៍អង្កេតពីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត ម៉ាក STAREX ពណ៌ស ពាក់ស្លាកលេខ កំពត2B-4216 អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ រត់តាក់ស៊ី នៅភូមិល្បើក ស្រុកឈូក ខេត្តកំពត រួមដំណើរមនុស្ស០៧នាក់ ( ស្រី ០២នាក់ ) មានទិសដៅពីខេត្តកំពត ចូលក្រុងព្រះសីហនុ។ លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចំណោត រថយន្តតាក់ស៊ីនេះ បានវ៉ាជែងរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0144 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) វ៉ាមិនផុត ក៏ជ្រុលកៀរ ហើយបុករថយន្តធុនធំ ០១គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា គឺរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1142 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងបុកផ្ទប់គ្នាតែម្ដង ។


ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន០៣នាក់ ភេទប្រុស នៅនឹងកន្លែងកើតហេតុ ( មិនទាន់ស្គាល់អត្តសញ្ញាណ) អ្នកបើកបររថយន្តធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3D-0144 ស្លាប់កៀបជាប់ក្នុងរថយន្ត ។ និង២នាក់ទៀត ជាអ្នករួមដំណើរលើរថយន្តទេសចរណ៍ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។


ក្រោយកើតហេតុ សមត្ថកិច្ច បានឃុំខ្លួនអ្នកបើកបររថយន្តបង្កបាននាំខ្លួនមកសាកសួរមកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ រីឯវត្ថុតាង រថយន្តទាំង០៣គ្រឿង សមត្ថកិច្ចជំនាញ បានចាត់ចែងស្ទូច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕