ខេត្តតាកែវ ៖ បុរសម្នាក់ បើកម៉ូតូពេលយប់ក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នជ្រុលទៅបុកគូថរថយន្ត១គ្រឿង ដែលចតនៅស្ងៀមយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់.កស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៨២-៨៣ ស្ថិតភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ។ជនរងគ្រោះដែលជិះម៉ូតូបុកគូទរថយន្តស្លាប់នេះ មានឈ្មោ សាន សាវឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-6534 បើកបរធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម។ លុះពេលមកដល់កន្លែងកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានបុកជាមួយរថយន្ត១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-0707 ដែលខូចនៅលើផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ចំណែក ម្ចាស់រថយន្តយល់សភាពមិនស្រួល បានរត់គេចខ្លួនបាត់ស្រមោល។


ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង និងកំណត់ហេតុ យកវត្ថុតាងទៅរក្សានៅការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលខេត្តតាកែវ រង់ធ្វើាការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ ចំណែក សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕