ខេត្តសៀមរាប៖ កម្មករសំណង់ម្នាក់ និងសិស្សសាលាម្នាក់សហការគ្នាជិះម៉ូតូឆក់កាបូបជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូរត់គេច តែព្រះមិនសម ព្រហ្មមិនជួយ ម៉ូតូរលត់ម៉ាស៊ីន សមត្ថកិច្ចចាប់បាន ប្រជាពលរដ្ឋនាំគ្នាវាយខៀវភ្នែកទាំង២នាក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងការ៉ាសសាំង ភូមិខ្នារ សង្កាតជ្រាវ ក្រុង សៀមរាប។


ជនសង្ស័យទី១ឈ្មោះ ហេង ភៈរុណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្សសាលា ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។ ទី២. ឈ្មោះ គីម លឿង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ និងស្នាក់នៅបណ្ដោះអាសន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។


ចំណែកជនរងគ្រោះ ឈ្មោះ យី ចន្ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ជាម្ចាស់កាបូប ហើយក្នុងកាបូបនោះ មាន៖ ប្រាក់ខ្មែរចំនួន ១២ ម៉ឺនរៀល , ទូរសព្ទម៉ាក oppo A71k , ខ្សែក (ផ្លាកទីន) ចំនួន០៣ខ្សែ , កងដៃ ផ្លាកទីន ចំនួន ០២កង និងចិញ្ចៀនផ្លាកទីនមួយវង់ ដាំត្បូង ។
មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម c125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បិទតែម ២០១៥ គ្មានស្លាកលេខ គ្មានកញ្ចក់ គ្មានកុងទ័រ ធ្វើសកម្មភាពឆក់កាបូបពណ៌ផ្កាឈូក ពីជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនសំដៅទៅផ្លូវកុងស៊ី។ ពេលនោះ ជនរងគ្រោះ ក៏បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកឆោឡោឲ្យគេជួយចាប់ចោរ ។ លុះដល់ចំណុចក្រុមទី១០ ភូមិខ្នារ សង្កាត់ជ្រាវ ព្រះមិនសម ព្រហ្មមិនជួយ ម៉ូតូរបស់ជនសង្ស័យបានរលត់ ត្រូវកម្លាំងប៉ុស្តិ៍ និងប្រជាការពារ កំពុងល្បាតនៅក្បែរនោះចាប់បាន ប្រជាពលរដ្ឋនាំគ្នាវាយខៀវភ្នែកទាំង២នាក់ តែម្ដង។


ជនសង្ស័យបានសារភាពថា ខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតមែន ហើយជនសង្ស័យឈ្មោះហេង ភៈរុណ ហៅយក់ ក៏បានសារភាពផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤.០០នាទីខ្លួនបានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ មួយករណីផងដែរ។
ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការធ្វើការផ្ដន្ទាទោសតាមច្បាប់៕