ភ្នំពេញ៖ ជនសង្ស័យម្នាក់ ខណ:ម្ចាស់មិននៅ បានលួចចូលទៅក្នុងផ្ទះ គាស់ទូរដែកយកគ្រឿងអលង្ការ និងលុយកាក់មួយចំនួន សរុបជាទឹកប្រាក់ប្រហែលជាង៣ម៉ឺនដុល្លារ ទៅបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃបុណ្យឆ្លងភ្ជុំបិណ្ឌ (ខណ:ម្ចាស់មិននៅផ្ទះ ទៅធ្វើបុណ្យស្រុកកំណើត) នៅក្នុងបុរីវិមានភ្នំពេញ តាមបណ្ដោយផ្លូវជាសុផារ៉ា ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។


ក្រោយពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ផ្ទះ បានទៅប្ដឹងសមត្ថកិច្ចនៅអធិការដ្ឋានខណ្ឌឬស្សីកែវ ឲ្យជួយស្វែងរក ចាប់ជនសង្ស័យយកមក ផ្ដន្ទាទោសឲ្យបានឆាប់ រហូតមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ គឺរយ:ពេលកន្លះខែហើយ សមត្ថកិច្ចខណ្ឌឬស្សីកែវ ដែលលោកអធិការ ទើបទ្បើងតំណែងថ្មី ធ្លាប់មានជំនាញព្រហ្មទណ្ឌ និងមានបទពិសោធន៍ជាច្រើនឆ្នាំ នៅមិនទាន់ចាប់ចោរបានទៀត ធ្វើឲ្យជនរងគ្រោះ អស់សង្ឃឹម។


គួរបញ្ជាក់ថា អ្នករស់នៅក្នុងបុរីវិមានភ្នំពេញ ក្នុងមួយគ្រួសារៗត្រូវបង់ការពារសន្តិសុខ ក្នុងមួយខែ១០ដុល្លារ និងមានយាមកាម២៤ម៉ោងលើ២៤ម៉ោង មានទាំងដាក់បារ៉ាស់នៅផ្លូវចេញចូលយ៉ាងតឹងរឹងបំផុត ប៉ុន្តែនៅតែមានចោរចូលលួចបានទៀត ហើយពេលជនរងគ្រោះទៅសួរនាំខាងក្រុមហ៊ុន បែរជាឆ្លើយថា ចូលរួមសោកស្ដាយផង និងសូមឲ្យអ្នករស់នៅក្នុងបុរីវិមាននោះ មានការប្រុងប្រយ័ត្នទាំងអស់គ្នា៕